ឯកឧត្តមអនុរដ្ឋលេខាធិការ កឹម បូរី ដឹកនាំក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដើម្បីពិភាក្សាលើមាត្រា៩ ជំពូកទី៣ ស្ដីពីគោលការណ៍ទូទៅ


ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារអន្តរក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តី ព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ក្នុងក្របខណ្ឌផ្ទៃក្នុងក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យពិភាក្សាលើមាត្រា៩ ជំពូកទី៣ ស្ដីពីគោលការណ៍ទូទៅ សំដៅឱ្យការរៀបចំសេចក្ដីព្រាងក្នុងមាត្រានេះមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ងាយយល់ ងាយអនុវត្ត និងបម្រើប្រយោជន៍រួម មុនដាក់ឆ្លងកិច្ចប្រជុំក្រុមការងារអន្តរក្រសួងទាំងមូល។
គួរកត់សម្គាល់ថា៖ ខ្លឹមសារក្នុងមាត្រា៩ ត្រូវបានបញ្ចូលនូវគោលការណ៍ច្បាប់ជាមូលដ្ឋានក្នុងគោលបំណងថែរក្សាអនាម័យបរិស្ថានស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ ធ្វើឱ្យប្រសើរឡើងដល់ការប្រមូលទឹកកខ្វក់ ការរចនាគម្រោងប្លង់អភិវឌ្ឍន៍ ការសាងសង់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ចម្រោះទឹកកខ្វក់ និងប្រព័ន្ធលូតាមកម្រិតបទបញ្ញត្តិបច្ចេកទេស និងស្តង់ដាបរិស្ថាន។
ឯកឧត្តមអនុរដ្ឋលេខាធិការបានជំរុញលើកទឹកចិត្តឱ្យសមាជិកក្រុមការងារទាំងអស់ខិតខំប្រឹងប្រែងស្រាវជ្រាវរកឯកសារពាក់ព័ន្ធបន្ថែម ដើម្បីឱ្យសេចក្ដីព្រាងច្បាប់នេះមានសន្ទុះទៅមុខកាន់តែលឿន និងអាចសម្រេចបានជារូបរាងឡើង។
ឯកឧត្ដមអនុរដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំ ដែលបានចូលរួមផ្ដល់ធាតុចូលយ៉ាងផុលផុស និងប្រកបដោយខ្លឹមសារ ព្រមទាំងបានស្នើឱ្យក្រុមការងារពិនិត្យឱ្យបានល្អិតល្អន់ និងស៊ីជម្រៅនូវឯកសារគតិយុត្តពាក់ព័ន្ធទាំងឡាយ ក៏ដូចជាសិក្សាគំរូច្បាប់របស់ប្រទេសនានា ដើម្បីជាមាគ៌ាក្នុងការរៀបចំសេចក្ដីព្រាងច្បាប់នេះឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕