កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ហេង ពិទូ អភិបាលរងខេត្ត តំណាងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល
ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធ។

លទ្ធផលនៃកិច្ចប្រជុំបាន ១.ការអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២.ការអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំ ខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និង របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។ ៣.អនុម័តផែនការយុទ្ធសាស្ត្រថវិកាសុខាភិបាល(២០២១-២០២៣) និងគម្រោងថវិកាកម្មវិធីឆ្នាំ២០២១ របស់មន្ទីរសុខាភិបាលខេត្ត។ ៤.អនុម័តគម្រោងផែនការថវិកា សម្រាប់ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និងពិភាក្សាបញ្ហាផ្សេងៗ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានផ្សព្វផ្សាយសេចក្តីប្រកាសលេខ ២៩៣៩ប្រក ចុះថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្លាស់ប្ដូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដោយទទួលស្គាល់លោកជំទាវ ប្រាក់ សាកន ជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ជំនួសឯកឧត្តម សាន់ យូរ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ឆ្នាំង ៕