អាជ្ញាធរសង្កាត់ទាំង១២​ របស់រដ្ឋបាលក្រុងសៀមរាប សហការណ៍ជាមួយមន្ត្រីមន្ទីរសុខាភិបាល ចុះចែកថ្នាំអាល់បែត ជូនបងប្អូនប្រជាពលរដ្ឋ​


នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារ​ចម្រុះដោយមានអាជ្ញាធរសង្កាត់ទាំង១២​ របស់រដ្ឋបាលក្រុងសៀមរាបបានសហការណ៍ជាមួយ​មន្ត្រីសុខាភិបាល បន្តចុះចែកថ្នាំអាល់បែត ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្សព្វផ្សាយ​នូវវិធានការ ការពារខ្លួនយើង ក្រុមគ្រួសារយើង ឱ្យជៀសផុតពីការឆ្លងជំងឺគ្រុណឈាម និងជំងឺឈីកដែលតែងតែកើតមានឡើង។

ជាមួយនឹងការផ្សព្វផ្សាយនេះដែរ ក្រុមការងារបានស្នើដល់បងប្អូនប្រជាពលរដ្ឋដោយអនុវត្តន៍​ ដូចខាងក្រោម​៖
-បំបាត់ជម្រកមូសខ្លា ដោយធ្វើអនាម័យសំអាតជុំវិញផ្ទះ លុបបំបាត់គុម្ពោតស៊ុបទ្រុបនៅជុំវិញផ្ទះ ការពារកុំឱ្យ មានទឹកដក់នៅជុំវិញផ្ទះ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ជើងផ្កា និងប្រើអាល់បែតដាក់ក្នុងពាង ឬ អាងស្តុកទឹក ជារៀងរាល់អាទិត្យ។
-ស្លៀកពាក់ខោជើងវែង អាវដៃវែង និងស្រោមជើង ធ្វើយ៉ាងណាគ្របដណ្ដប់ភាគច្រើននៃរាងកាយឱ្យជិត (ស ម្លៀកបំពាក់គួរតែមានពណ៌ភ្លឺ កុំខ្មៅឬងងឹត)។
-ប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឱ្យមូសមកជិត ព្រោះថ្នាំនេះ ស្ត្រីមានផ្ទៃពោះអាចប្រើបាន ដោយ មានសុវត្ថិភាព មិនមានផលប៉ះពាល់ទេ
-សំរាន្តក្នុងមុង រាល់ពេលសំរាន្តនៅពេលយប់ និងថ្ងៃ ព្រមទាំងបើកបង្អួច ទ្វារ ឱ្យធំ ដើម្បីឱ្យពន្លឺថ្ងៃ និងមាន ខ្យល់ចេញចូលបានល្អ។

អាជ្ញាធរខេត្ត ក្រុង និងសង្កាត់សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការក្នុងការសម្អាតអនាម័យនិងទីធ្លាផ្ទះរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើង។ ជាមួយគ្នាយ ដើម្បីឈ្នះនូវជំងឺគ្រុណឈាម និងជំងឺឈីក យើងត្រូវលុបបំបាត់នូវជំរករបស់មូសខ្លា គ្មានមូសខ្លា គ្មានគ្រុណឈាម៕