រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារវិស័យធម្មការ និងសាសនាប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍ខែបន្ត


ព្រឹកថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារវិស័យធម្មការ និងសាសនាប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍ខែបន្ត និងមានការនិមន្ត អញ្ជើញចូលរួមពី សម្តេច ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះសាកលវិទ្យាធិការ អគ្គនាយករង សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក និង ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត នៅទីស្ដីការក្រសួងធម្មការ និងសាសនា។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍បន្ត។ ជាមួយគ្នានេះដែរ ប្រធានមន្ទីធម្មការ និងសាសនា រាជធានី-ខេត្ត ចំនួន៤ មាន៖ ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តកណ្ដាល និង ខេត្តកោះកុង បានលើកឡើងនូវបទអន្តរាគមន៍ចំពោះលទ្ធផលសម្រេចបានបញ្ហាប្រឈម និងសំណូមពររយៈពេលមួយខែ កន្លងមក។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំ និងផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំដែលជាប្រធានអង្គភាពជំនាញទាំងអស់ដូចខាងក្រោម៖
១-សូមឱ្យលោក លោកស្រី ជាថ្នាក់ដឹកនាំនៅអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់មើល និងពិនិត្យលើការចុះបញ្ជីសាសនា និងវត្តដែលទើបបង្កើតថ្មីសូមមេត្តាធ្វើឱ្យបានគ្រប់គ្នាដើម្បីការពារកុំឱ្យមានបញ្ហានៅពេលក្រោយ និងត្រូវពិនិត្យឱ្យបានច្បាស់លាស់មុនចុះបញ្ជី ត្រូវឆ្លងថ្នាក់មូលដ្ឋានជាមុនសិន។
២-សូមឱ្យលោក លោកស្រី ជាប្រធានអង្គភាពជំនាញមន្ទីររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់មើល និងពិនិត្យលើបញ្ហាសាសនា វាពិតជាលំបាកណាស់ក្នុងការគ្រប់គ្រង ព្រោះសាសនាផ្សេងៗខ្លៈមានចេតនាមិនល្អ ដោយយកសាសនាផ្សេងៗមកបិទបាំង ។
៣-សូមឱ្យលោក លោកស្រី ជាថ្នាក់ដឹកនាំនៅអង្គភាពទាំងអស់ ជាពិសេសប្រធានមន្ទីរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើបុគ្គលទុច្ចរិតមួយចំនួនដែលជ្រកក្រោមស្លាកសាសនា ដែលមានគំនិតអាក្រក់ ចង់បំផ្លិចបំផ្លាញសាសនា និងសង្គម។
៤-ជៀសវាងទ្រឹស្តីមួយដែលគេនិយាយថា «កណ្តៀស៊ីឈើ» ដោយយើងមើលពីខាងក្រៅល្អ តែខាងក្នុងផុយអស់ហើយ។