លោកជំទាវតំណាងរាស្ត្របើកប្រាក់ឧបត្ថម្ភមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន ប្រចាំខែសីហា ឆ្នាំ២០២០ ជូនលោកយាយ លោកតាចំនួន ៩១នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល


នៅព្រឹកថ្ងៃពុធ ១ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០​ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ តំណាងរាស្ត្រ​មណ្ឌល​ខេត្តប៉ៃលិន រួមដំណើរដោយឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ហុក​ សុផល ​អភិបាលរងខេត្ត្តប៉ៃលិន រួមនឹងក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបើកថវិកាមូលនិធិប្រចាំខែសីហា ឆ្នាំ២០២០ ជូនដល់លោកយាយ លោកតា ចាស់ជរាដែលទទួលបានមូលនិធិចំនួន ៩១នាក់ ក្នុងម្នាក់ៗ ១០០.០០០រៀល(មួយសែនរៀលគត់)។

ដោយពិធីនេះរៀបចំនៅការិយាល័យតំណាងរាស្រ្តខេត្តប៉ៃលិន សាលាឃុំអូរអណ្តូង និងសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងចំពោះលោកយាយ លោកតា មានជំងឺធ្វើដំណើរ
មិនបាន លោកជំទាវ និងក្រុមការងារបានយកថវិកាទៅបើកជូនដល់គេហដ្ឋានផងដែរ។

ក្នុងឱកាសនោះលោកជំទាវ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដោយជានិច្ចកាលឯកឧត្តម តែងតែគិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ បានបន្តអំពាវនាវដល់លោកយាយ លោកតា និងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន​ ចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាយថាហេតុ ដោយយើងទាំងអស់គ្នាមិនបានដឹងខ្លួនជាមុន និងសូមបន្តរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ការរស់នៅត្រូវស្អាត មានអនាម័យ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ស្នាក់នៅក្នុងផ្ទះបើគ្មានការចាំបាច់ចេញទៅក្រៅ ហាមមានការប្រមូលផ្តុំគ្នា ពាក់ម៉ាស់ ឬកន្សែងឲ្យបានត្រឹមត្រូវនៅពេលចេញទៅក្រៅ រក្សាគំលាតពីគ្នា ២ម៉ែត្រ នៅពេលជួបសន្ទនាគ្នា ចំពោះបងប្អូនប្រជាពលរដ្ចចំណូលស្រុក សូមស្នាក់នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ មិត្តភ័ក្តិ រយ:ពេល១៤ថ្ងៃសិន
បើមានករណីសង្ស័យ ដូចជាផ្តាស្សាយ ហៀសំបោរ មានកំដៅលើសពី ៣៧.៥អង្សា ក្អកស្ងួត ឈឺបំពង់ករ ពិបាកដកដង្ហើម សូមប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ឬទំនាក់ំនងទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ដែលនៅកៀកជាប់ផ្ទាល់ជាមួយបងប្អូន ដើម្បីបញ្ជូនបងប្អូនទៅកាន់មន្ទីរពេទ្យធ្វើការពិព្យាបាលជំងឺជូន។

គួរបញ្ជាក់ថា មូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ខេត្តប៉ៃលិន បានរៀបចំឡើងតាំងពីចុងឆ្នាំ២០១១ និងបានដំណើរការមកដល់បច្ចុប្បន្ន ដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកាទាំងស្រុងពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ដោយបើកប្រាក់ឧបត្ថម្ភជាប្រចាំខែ នៅរៀងរាល់ថ្ងៃទី៥ នៃខែនីមួយៗ ជូនលោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ដោយមិនប្រកាន់និន្នាការនយោបាយ និងសាសនាឡើយ។