ពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាល ប.ស.ស. អាណត្តិទី១


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម ក្នុងពិធីប្រកាសសមាសភាពសមាជិកក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី១ នាថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០ ព្រឹកមិញនេះ បានផ្តល់អនុសាសន៍លើកទឹកចិត្ត ដល់មន្ត្រី ប.ស.ស. គ្រប់ជាន់ថ្នាក់ ពិសេសក្រុមប្រឹក្សាភិបាល ប.ស.ស. អាណត្តិចាស់ ដែលកន្លងមកបានខិតខំបំពេញការងារបានយ៉ាងល្អប្រសើរ ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់សមាជិកក្រុមប្រឹក្សាភិបាលថ្មី មេត្តាស្វែងយល់ និងខិតខំអនុវត្តតាមព្រះរាជក្រឹត្យ ដែលកំណត់ពីតួនាទីភារកិច្ច និងលិខិតបទដ្ឋានគតិយុត្តនានា ខណៈវិសាលភាពកាន់តែធំ ដែលគ្របដណ្ដប់លើវិស័យសាធារណៈថែមទៀត ដើម្បីឱ្យបំពេញឱ្យនិរន្តរ៍ភាពរបស់ខ្លួនឱ្យកាន់តែមានលក្ខណៈល្អប្រសើរជាងមុន ។

ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងឱ្យដឹងថា៖ ប.ស.ស. ត្រូវបានបង្កើតឡើងដំបូងដោយអនុក្រឹត្យលេខ ១៦ អនក្រ/ប្រក ចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ២០០៧ មានឈ្មោះថា បេឡាជាតិរបបសន្តិសុខសង្គម ដែលដឹកនាំដោយក្រុមប្រឹក្សាភិបាលចំនួន ៩រូប ហើយកន្លងទៅថ្មីៗនេះ អង្គភាពនេះត្រូវបានបានប្តូរឈ្មោះទៅជា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥៨២ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដែលដឹកនាំដោយក្រុមប្រឹក្សាភិបាលចំនួន ១១រូប ជាមួយនឹងច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីបានអនុម័តឱ្យប្រើប្រាស់ ដោយព្រះរាជក្រមលេខ នស/រកម/១១៩/០១៨ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងមានវិសាលភាពគ្រប់ដណ្តប់លើផ្នែកចំនួន៤ រួមមាន៖
– ផ្នែកប្រាក់សោធន
– ផ្នែកថែទាំសុខភាព
– ផ្នែកហានិភ័យការងារ និង
– ផ្នែកនិកម្មភាពការងារសម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្រោមច្បាប់ស្តីពីការងារ រួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះព្រមទាំងបុគ្គលស្វ័យនិយោជន៍។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា៖ បច្ចុប្បន្ន ប.ស.ស. បាននឹងកំពុងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមចំនួន ២ផ្នែក គឺផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលមានសមាជិកសរុប្រមាណជាង ២លាននាក់ ដែលពួកគាត់មានសិទ្ធិក្នុងការទៅទទួលសេវានៅតាមមូលដ្ឋានសុខភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀតផងដែរ ។

សូមបញ្ជាក់ថា៖ ពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាល ប.ស.ស. អាណត្តិទី១ ខាងលើត្រូវបានរៀបចំឡើងនៅសាលប្រជុំធំនៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម ដោយមានវត្តមានចូលរួមពីសំណាក់សមាជិកនៃក្រុមប្រឹក្សាភិបាល អាណត្តិទី១ រួមទាំងថ្នាក់ដឹកនាំនៃបេឡាជាតិសន្តិសុខសង្គមសរុបប្រមាណជាង ៦០នាក់ ៕