ក្រុមការងារបច្ចេកទេសផ្នែកហេដ្ឋារចនាសម្ព័ន្ធចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ប្រព័ន្ធធារាសាស្ត្រខ្នាតតូចនៅទីតាំងដីសម្បទានសង្គមកិច្ចនៅភូមិព្រៃធំ


លោក ដោក ដូម៉ា អគ្គនាយក​រង​នៃអគ្គនាយកដ្ឋានលំនៅឋាន​ ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងជានាយកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសផ្នែកហេដ្ឋារចនាសម្ព័ន្ធចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ប្រព័ន្ធធារាសាស្ត្រខ្នាតតូចនៅទីតាំងដីសម្បទានសង្គមកិច្ចនៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ ។ ការចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ប្រព័ន្ធធារាសាស្ត្រខ្នាតតូចនេះគឺដើម្បីពិនិត្យ និងតាមដានការអនុវត្តការសាងសង់ផង និងដើម្បីពិនិត្យគុណភាពនៃការសាងសង់ឱ្យសមស្របតាមបច្ចេកទេសដែលបានកំណត់ សំដៅធានាដល់ការប្រើប្រាស់បានយូរអង្វែងផងដែរ។
គួរបញ្ជាក់ថា ការសាងសង់ប្រព័ន្ធធារាសាស្ត្រខ្នាតតូចនេះនឹងអាចរក្សាទឹកទុកសម្រាប់សម្បទានិកចំនួន ៤០០ គ្រួសារប្រើប្រាស់ និងបម្រើដល់វិស័យកសិកម្ម និងចិញ្ចឹមសត្វមួយចំនួននារដូវប្រាំងដែលនេះជាការយកចិត្តទុកដាក់បន្ថែមទៀតរបស់រាជរដ្ឋាភិបាលក្នុងការបន្តពូនជ្រំជីវភាពរបស់សម្បទានិកបន្ថែមលើការបែងចែកដីសម្រាប់សាងសង់លំនៅឋាន និងធ្វើកសិកម្ម ព្រមទាំងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែក រួមជាមួយនឹងការគាំទ្រផ្នែកកសិកម្ម និងចិញ្ចឹមសត្វផងដែរ៕