ឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំក្រុមការងាររបស់ក្រសួងជាច្រើនរូប ធ្វើការជួបប្រជុំគ្នាស្តីពីការត្រៀមរៀបចំការដ្ឋានអនុគម្រោងប្រព័ន្ធធារាសាស្ត្រ អូរតាប៉ោងតាណៃ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់


នៅថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានដឹកនាំក្រុមការងាររបស់ក្រសួងជាច្រើនរូប និងប្រធាន និងអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ និងលោកអភិបាលនៃគណ:អភិបាលស្រុកបាកានខេត្តពោធិ៍សាត់ ធ្វើការជួបប្រជុំគ្នាស្តីពីការត្រៀមរៀបចំការដ្ឋានអនុគម្រោងប្រព័ន្ធធារាសាស្ត្រ អូរតាប៉ោងតាណៃ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹត្តនាពេលខាងមុខនេះ។

សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសហការយ៉ាងជិតស្និតជាមួយនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF ធ្វើការអនុវត្តការជួសជុលស្តាឡើងវិញលើប្រព័ន្ធធារាសាស្ត្រខាងលើដោយប្រើប្រាស់ទុនវិនិយោគពីធនាគារអាសុីវិនិយោគលើហេដ្ឋារចនាសម័្តន្ធ AIIB ធ្វើការគ្រប់គ្រងទឹក ប្រើប្រាស់ទឹក និងផ្គត់ផ្គង់ទឹកដល់ស្រែរបស់ប្រជាកសិករ និងសម្រាប់ប្រើប្រាស់លើគ្រប់វិស័យទាំងអស់ប្រកបដោយសុវត្ថិភាព និងមាននិរន្តរភាព។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការដឹកនាំផ្ទាល់លើការសិក្សាគ្រោងប្លង់លម្អិតលើអនុគម្រោងប្រព័ន្ធធារាសាស្ត្រ អូរតាប៉ោងតាណៃនេះចប់សព្វគ្រប់ក្នុងឆ្នាំ ២០១១។ ឯកឧត្តមរដ្ឋមន្ត្រី បានខិតខំសហការនឹងក្រសួង MEF រកដៃគូរអភិវឌ្ឍន៍មកវិនិយោគលើអនុគម្រោងប្រព័ន្ធធារាសាស្ត្រមួយនេះរហូតដល់បានសម្រេចនាពេលនេះ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ជូនអង្គប្រជុំថាអនុគម្រោងប្រព័ន្ធធារាសាស្រ្តអូតាប៉ោងតាណៃគឺមានសមាសភាពដូចតទៅ ៖

១- ប្រព័ន្ធប្រឡាយមេចំនួន ០១ ខ្សែ ប្រវែង ៣៧ គម គិតពីស្ទឹងពោធិ៍សាត់ ដល់តំបន់អ្នកតាទ្វារ
២- ប្រព័ន្ធប្រឡាយរងទី២ ចំនួន ០៧ខ្សែ
៣- ប្រព័ន្ធប្រឡាយរងទី៣ ចំនួន ៣៦ខ្សែ
៤- ប្រព័ន្ធប្រឡាយជើងក្អែបជាច្រើនខ្សែ
៥- សំណង់សិល្បការគ្រប់ប្រភេទចំនួន ៧៥០កន្លែង

ឯកឧត្តម ចាន់ ស៊ីណាត ស្នើឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ធ្វើការអនុវត្តក្រឹត្យច្បាប់ជាធរមាន ដើម្បីធ្វើឲ្យមាន សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងទប់ស្កាត់គ្រប់ប្រភេទនៃបទល្មើសនានានៅពេលដែលការដ្ឋានខាងលើចាប់ដំណើរការនាពេលខាងមុខនេះ។

អង្គប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសស្និតស្នាល សហប្រតិបត្តិការកម្រិតខ្ពស់ បេ្តជ្ញាអនុវត្តខ្ពស់ និងសាមគ្គីភាព ឯកភាពថ្លុងមួយដើម្បីធានាដល់ការអនុវត្តគម្រោងខាងលើឲ្យទទួលបានជោគជ័យជាស្ថាពរ ៕