សម្តេចចៅហ្វាវាំង ចុះពិនិត្យការកសាងសមិទ្ធផលនៅព្រះរាជដំណាក់ខេត្តសៀមរាប


(សៀមរាប)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅចុងសប្តាហ៍កន្លងទៅនេះ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ រួមដំណើរដោយឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះរបរមរាជវាំង បានអញ្ជើញពិនិត្យការកសាងសមិទ្ធផលនៅខាងមុខព្រះរាជដំណាក់ខេត្តសៀមរាប។

អាស្រ័យដោយព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទទួលបាននូវការថ្វាយការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ព្រមទាំងអាជ្ញាធរដែនដីខេត្តសៀមរាប ក្រសួងព្រះបរមរាជវាំង បានរៀបចំកសាងសមិទ្ធផលនៅលើដីមួយផ្នែកខាងមុខព្រះរាជដំណាក់ខេត្តសៀមរាប ដែលក្នុងនោះមានការកសាងក្លោងទ្វារ របង ផ្លូវបេតុង ប្រព័ន្ធលូ និងការរៀបចំកែលម្អសួនច្បារ។

នៅក្នុងដំណាក់កាលទីមួយ៖ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ក្រសួងព្រះបរមរាជវាំង បានខិតខំធ្វើការកសាងសមិទ្ធផលសំខាន់ៗខាងលើនេះ សម្រេចបានលទ្ធផលប្រមាណ ៥៥% ហើយ។

ក្រសួងព្រះបរមរាជវាំង នឹងបន្តការខិតខំកសាងសមិទ្ធផលសំខាន់ៗទាំងនេះ ឱ្យសម្រេចទទួលបានជោគជ័យជាបន្តទៀតទៅតាមគម្រោងផែនការដែលបានគ្រោងទុក ដើម្បីថែរក្សាព្រះអង្គចេកព្រះអង្គចមឱ្យមានភាពគង់វង្ស និងធ្វើឱ្យព្រះរាជដំណាក់ខេត្តសៀមរាប ជាព្រះរាជដំណាក់ប្រវត្តិសាស្ត្រនៃការគង់បំពេញព្រះរាជបូជនីកិច្ចទាមទារឯករាជ្យរបស់ព្រះករុណា ព្រះវររាជបិតាឯករាជ្យជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពខ្ពង់ខ្ពស់សាកសមជាទីសក្ការៈគោរពបូជា និងមានសោភ័ណភាពដ៏ស្រស់បំព្រងជាទីពេញនិយមរបស់ប្រជារាស្ត្រក្នុងខេត្តសៀមរាប ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ពិសេសទៅទៀត សមិទ្ធផលនៅខាងមុខព្រះរាជដំណាក់ខេត្តសៀមរាប មានគុណប្រយោជន៍ដ៏ធំធេងថែមទៀតសម្រាប់ថ្វាយព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រីនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គគោរពបូជាចំពោះព្រះអង្គចេកព្រះអង្គចមបំពេញមហាព្រះរាជកុសល ទៅតាមប្រពៃណីរបស់ព្រះពុទ្ធសាសនាព្រមទាំងការគង់បំពេញព្រះរាជកិច្ចដ៏ឧត្តុងឧត្តមទាំងឡាយ ជាពិសេសបំពេញព្រះរាជកិច្ចមនុស្សធម៌ ដើម្បីជាគុណប្រយោជន៍របស់ជាតិខ្មែរទៀតផង៕