ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកណ្តាល


ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា (គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា) បានដឹកនាំគណៈប្រតិភូ ជួបប្រជុំពិភាក្សាជាមួយអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរស្រុកលើកដែក មន្រ្តីប៉ុស្តិ៍គ្រប់គ្រងច្រកទ្វារព្រំដែន អន្តរជាតិក្អមសំណ ដឹកនាំដោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍមូលដ្ឋាន និងការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តជាតិក្អមសំណ នៅសាលប្រជុំការិយាល័យគយ និងរដ្ឋាករក្អមសំណ ស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានលើកឡើងថា ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញតិ្ត បច្ចុប្បន្នព្រឹទ្ធសភា ស្ថិតនៅក្នុងនីតិកាលទី៤ ដែលមានអាណត្តិរយៈ៦ឆ្នាំ។ ព្រឹទ្ធសភាប្រជុំសាមញ្ញ២ដងក្នុង១ឆ្នាំ ហើយសម័យប្រជុំនីមួយៗមានរយៈពេល៣ខែ និងរយៈពេល៣ខែទៀត ស្ថិតក្នុងចន្លោះសម័យប្រជុំ ជាពេលដែលគណៈកម្មការទាំង១០ ត្រូវបំពេញបេសកកម្មតាមដាន និងឈ្វេងយល់អំពីប្រសិទ្ធភាព និងបញ្ហាប្រឈមនានាទាក់ទងនឹងការអនុវត្តច្បាប់ជាសមត្ថកិច្ចរបស់ខ្លួន។

ជាក់ស្តែងគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ចុះបេសកកម្មមកខេត្តកណ្តាលនាពេលនេះ គឺមានគោលបំណងដើម្បីឈ្វេង យល់ អំពីៈ«វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់រដ្ឋបាលខេត្តកណ្តាល ពិសេសស្រុកលើកដែក ព្រមទាំងដំណើរការនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកានៃអង្គប្រជុំ ដែល បានផ្តល់នូវព័ត៌មានដ៏មានសារៈសំខាន់ ទាក់ ទង នឹងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុក រលួ យ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

11/08/2020