លោកជំទាវ ឌិត និតា៖ មន្រ្តីឧទ្យានុរក្សជាឪពុក ម្តាយ ដែលកំពុងតែថែរក្សា និងការពារនូវមរតកធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ


នៅក្នុងពេលអញ្ជើញជាអធិបតីនៃពិធីសំណេះ សំណាល និងផ្សព្វផ្សាយវិធីបង្ការ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ដល់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិចំបក់ និងមន្រ្តីឧទ្យានុរក្សនៅខេត្តកំពង់ស្ពឺ លោកជំទាវ ឌិត និតា ភរិយាឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ក្នុងបុព្វហេតុការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃដែលជាប្រពន្ធ័ជីវៈចម្រុះដ៏មានតម្លៃរបស់កម្ពុជា មន្ត្រីឧទ្យានុរក្សបានលះបង់ពេលវេលាជាមួយក្រុមគ្រួសារ លះបង់កម្លាំងកាយកម្លាំងចិត្តនិងបញ្ញាដើរល្បាតទាំងយប់ ទាំងថ្ងៃក្រោមអាកាសធាតុក្តៅ ភ្លៀង ផ្គររន្ទះដោយមិនខ្លាចនឿយហត់នៅតាមព្រៃភ្នំ បឹងបួរ ទន្លេ ជ្រលងដងអូរនានា។ លោកជំទាវ បានបន្ថែមថា លើសពីនេះ មន្ត្រីឧទ្យានុរក្សរបស់យើងប្រឈមនឹងគ្រោះថ្នាក់ជាច្រើន រាប់តាំងពីជំងឺដង្កាត់ដែលឆ្លងក្នុងព្រៃ វង្វេងព្រៃដាច់បាយក៏មាន ហើយជួនកាលប្រឈមនឹងជនល្មើសរហូតដល់មានការតតាំងដាក់គ្នាជាដើម។ ទាំងនេះគឺជាវីរៈភាព និងការលះបង់ដ៏មានតម្លៃបំផុត ដែលមិនអាចកាត់ថ្លៃបាន។
ជាមួយគ្នានេះដែរ លោកជំទាវ ឌិត និតា បានមានប្រសាសន៍ថា អ្វីដែលមន្ត្រីឧទ្យានុរក្សរបស់យើងកំពុងធ្វើនៅពេលនេះ គឺមិនមែនគ្រាន់តែធ្វើក្នុងនាមតែជាមន្ត្រីឧទ្យានុរក្សដែលត្រូវបំពេញជាតួនាទីទៅតាមឯកសណ្ឋានប៉ុណ្ណោះទេ តែពួកគាត់ធ្វើក្នុងនាមជាឪពុក ម្តាយ ដែលកំពុងតែថេរក្សា និងការពារនូវមរតកធនធានធម្មជាតិដ៏សម្បូណ៌បែបសម្រាប់កូនចៅជំនាន់ក្រោយអាស្រ័យផលដោយមិនចេះរីងស្ងួតរាប់ជំនាន់តទៅមុខទៀត។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន សហការជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តកំពង់ស្ពឺ បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយវិធីបង្ការ និងលប់បំបាត់ជំងឺគ្រុនចាញ់ ដល់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិចំបក់ និងមន្រ្តីឧទ្យានុរក្សក្នុងខេត្តកំពង់ស្ពឺ រៀបចំឡើងក្រោមអធិបតីភាព លោកជំទាវ ឌិត និតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អមដំណើដោយ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួងសុខាភិបាល រដ្ឋបាលខេត្តកំពង់ស្ពឺ អាជ្ញាធរមូលដ្ឋាន មន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋជាច្រើននាក់។
ក្នុងឱកាសនោះ លោកជំទាវ ឌិត និតា រួមជាមួយគណៈអធិបតី និងភ្ញៀវកិត្តិយស បានផ្តល់ជូនសម្ភារៈបង្ការជំងឺគ្រុនចាញ់ និងគ្រុនឈាមមួយចំនួនដូចជាសំភារះមួយចំនួនដូចជា: មុងជ្រលក់ថ្នាំចំនួន២០០មុង អង្រឹងចំនួន ៥០ ក្រម៉ា ចំនួន ៥០ អាវភ្លៀង ចំនួន ៥០ តង់ធំ ចំនួន ២០រួម ថ្នាំParacetamol និងថ្នាំបង្ការជំងឺព្រូន- រួមជាមួយ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀត។ បន្ទាប់ មកលោកជំទាវ ឌិត និតា និង ប្រតិភូ បានចុះពិនិត្យមើលសក្តានុពលទេសចរណ៍ធម្មជាតិ នៃសហគមន៍តំបន់ការពារធម្មជាតិចំបក់ នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ភូមិសាស្រ្តខេត្តកំពង់ស្ពឺផងដែរ៕