ចម្លាក់ប្រអប់ព្រះហស្ថឆ្វេងព្រះពុទ្ធបដិមាដ៏ធំមួយបានប្រទះឃើញនៅខាងត្បូងនៃប្រាសាទបាយ័ន្ត


ចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធរូបខាងឆ្វេងមួយធ្វើអំពីថ្មភក់ បានប្រទះឃើញនៅក្នុងព្រៃខាងត្បូងចម្ងាយប្រហែល៣០០ម៉ែត្រពីប្រាសាទបាយ័ន្ត។ ចម្លាក់នេះមានទំហំបណ្តោយ០.៩៥ម៉ែត្រ ទទឹង០.៤២ម៉ែត្រ និងកម្រាស់០.២៤ម៉ែត្រ ក្នុងសភាពហាក់មិនទាន់ឆ្លាក់រួចរាល់ត្រឹមត្រូវនៅឡើយទេដោយឃើញមានស្នាមមុខពន្លាក និងមិនទាន់ខាត់រំលីងនៅឡើយ។

តាមការបញ្ជាក់របស់លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការថា ចម្លាក់ដែលមានត្រឹមកដៃនិងម្រាមទាំង៥ ដែលលាផ្ងារបាតដៃទៅលើនេះ គឺស្ថិតនៅក្នុងសម័យកណ្តាល ទំនងជាព្រហស្ថព្រះពុទ្ធបដិមាក្នុងកាយវិការភូមិស្បស៌មុទ្រា ឬហៅថាកាយវិការមារវិជ័យ ឬផ្ចាញ់មារ។ ទម្រង់កាយវិការនោះ ព្រះពុទ្ធទ្រង់គង់ភ្នែន ដោយយកព្រះហស្ថខាងស្តាំដាក់ផ្កាប់លើភ្លៅសំយ៉ុងម្រាមដៃចង្អុលទៅធរណី។ រីឯព្រះហស្ថឆ្វេងដាក់នៅលើចន្លោះភ្លៅ ហើយលាផ្ងារបាតព្រះហស្ថទៅលើ។

ការសន្និដ្ឋានជាកាយវិការភូមិស្បស៌មុទ្រាបែបដូចនេះ គឺយោងទៅលើហេតុផល ដែលមានព្រះពុទ្ធបដិមាធំៗចំនួន២អង្គដែលស្ថិតនៅជុំវិញប្រាសាទបាយ័ន្ត រួមមាន ព្រះអង្គឥន្ទ្រទេពនិងព្រះអង្គងោក គឺសុទ្ធសឹងតែសង់ឡើងក្នុងទំហំធំ និងពីថ្មភក់ច្រើនដុំ ហើយស្ថិតនៅក្នុងកាយវិការភូមិស្បស៌មុទ្រាដូចគ្នា។

រីឯនៅបរិវេណដែលរកឃើញចម្លាក់នោះ គឺទំនងជា សំណង់ខឿនព្រះពុទ្ធសាសនា ត្បិតយើងឃើញមានថ្មសីមាមួយចំនួនផងដែរ។ យ៉ាងណាមិញ តាមការស្រាវជ្រាវ និងរូបថតពីលើអាកាសដែលថតដោយបច្ចេកវិទ្យា LiDAR Scans ក៏បានរកឃើញស្លាកស្នាមទីតាំងមនុស្សរស់នៅជាច្រើននៅក្នុងបរិវេណក្រុងអង្គរធំ ហើយសំណង់ទាំងនោះក៏រួមមាន ខឿនពុទ្ធសានាជាច្រើនកន្លែង ដែលសង់ពីថ្មភក់ និងថ្មបាយក្រៀមនៅបរិវេណនោះ។

បច្ចុប្បន្នចម្លាក់ប្រអប់ព្រះហស្ថនេះ ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានសហការណ៍ជាមួយស្ថាបន័មានសម្ថកិច្ចនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ព្រមទាំងមន្ត្រីអភិរក្សប្រាសាទ បានធ្វើកំណត់ហេតុប្រគល់ទទួលនិងដឹកយកទៅរក្សាទុកនៅមជ្ឈមណ្ឌលអជ្ញាធរជាតិអប្សរា ដើម្បីចុះបញ្ជី និងរក្សាទុករង់ចាំការជួសជុលនៅថ្ងៃអនាគត៕

អត្ថបទនិងរូបភាព៖ លោក ឈូក សុម៉ាឡា