ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្រី្តរាជការខេត្តកណ្ដាលកាន់បិណ្ឌទី១ នៅវត្តប្រជុំនទីក្រពើហា


កណ្តាល ៖ ព្រឹកថ្ងៃ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំង ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការបានអញ្ជើញចូលរួមរាប់បាត្រ ឆ្លងវេនបិណ្ឌទី១ នៅវត្តប្រជុំនទី ក្រពើហា ស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

 

ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច នូវវិធានការការពារជំងឺកូវី-ដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ មិនត្រូវមានការធ្វេសប្រហែសឡើយ ។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានក្រើនរម្លឹកឱ្យប្រជាពលរដ្ឋទំាងអស់ សូមមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរតាមដងផ្លូវ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកក្នុងការធ្វើដំណើរ ដើម្បីសេចក្តីសុខ សុវត្ថិភាពទាំងអស់គ្នា។

យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅឱ្យមាតា បិតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋាន ដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យ ទៅកើតក្នុងសុគតិភព។  ម្យ៉ាងទៀតប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ។ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឱ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ ៕