តំណាងរាស្ដ្រកំពង់ចាម ចុះចែកអំណោយដល់គ្រួសាររងគ្រោះ ដោយខ្យល់កន្ដ្រាក់ចំនួន១៤គ្រួសារ និងសាលារៀនមួយខ្នង នៅក្នុងឃុំចំនួន៣នៃស្រុកជើងព្រៃ


(កំពង់ចាម)៖ បន្ទាប់ពីខ្យល់កន្ដ្រាក់បណ្ដាលខូតខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ១៤គ្រួសារ និងសាលារៀនមួយខ្នង នៅក្នុងឃុំគោករវៀង ឃុំខ្នុរដំបង និងឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម, ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចុះចែកអំណោយជូនដល់ដៃរបស់ពលរដ្ឋងាយរងគ្រោះ។

ក្នុងឱកាសតំណាងរាស្ដ្រ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានថ្លែងទៅកាន់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្ដរាយធម្មជាតិនេះថា «យើងខ្ញុំសូមចូលរួមសោកស្ដាយ និងបាននាំយកនូវអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនមកជូន ដើម្បីជួយសម្រាលការលំបាកមួយផ្នែក ក្នុងការរស់នៅប្រចាំថ្ងៃ។ លើសពីនោះ បើមានការខ្វះខាតអ្វីបន្ថែម យើងខ្ញុំនឹងជួយបន្ដបន្ទាប់ទៀត»។

បន្ថែមពីនោះ តំណាងរាស្ដ្រ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានជំរុញលើកទឹកចិត្ដដល់សមាជិកបក្សទាំងអស់ ត្រូវបន្ដសាមគ្គីភាពគ្នា និងបំពេញការងារប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេស ដោះស្រាយរាល់បញ្ហាដែលពលរដ្ឋជួបប្រទះ ឬទុកលំបាករបស់ពួកគាត់ និងត្រូវចាត់ទុកថា ដូចជាទុក្ខរបស់ក្រុមគ្រួសារយើងដែរ។

ក្នុងឱកាស ចុះចែកអំណោយដល់គ្រួសាររងគ្រោះដោយខ្យល់កន្ដ្រាក់ចំនួន១៤គ្រួសារ និងសាលារៀនមួយខ្នង នៅក្នុងឃុំចំនួន៣នៃស្រុកជើងព្រៃនេះ តំណាងរាស្ដ្រកំពង់ចាម ក៏បានប្រជុំពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋ ដែលគ្រប់អាយុត្រូវបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ បច្ចុប្បន្ននេះ ឃុំទាំង១០ នៅក្នុងស្រុកជើងព្រៃ ខេត្ដកំពង់ចាម មានប្រជាជនសរុបចំនួន ១០០,៨២០នាក់ ត្រូវនឹង២៧,១៧៥គ្រួសារ។

ព្រមគ្នានោះដែរ តំណាងរាស្ដ្រ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានថ្លែងជំរុញដល់សមាជិក-សមាជិកា ត្រូវបន្ដ និងផ្ដល់ភាពរហ័ស ក្នុងការធ្វើអត្ដសញ្ញាណបណ្ណជូនពលរដ្ឋ ដែលបានបាត់ និងខូចអត្ដសញ្ញាណបណ្ណជាដើម ខណៈដែលការបោះឆ្នោតនឹងប្រព្រឹត្ដទៅនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។ ពលរដ្ឋ ជាម្ចាស់អំណាច និងជាម្ចាស់វាសនាប្រទេសជាតិ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលខ្លួនស្រលាញ់ពេញចិត្ដ នឹងធ្វើឱ្យប្រទេសជាតិនាំមានសុខសន្ដិភាព និងការអភិវឌ្ឍលើកគ្រប់វិស័យ ដូចបច្ចុប្បន្ននេះ។

ជាមួយគ្នានោះ តំណាងរាស្រ្ដមណ្ឌលកំពង់ចាម ក៏បានក្រើនរម្លឹកដល់សមាជិករបស់ខ្លួន ពីការបន្ដកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត និងប្ដេជ្ញារួមគ្នា ការពារសន្ដិភាព រកសេរីភាព និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ទោះត្រូវចំណាយក្នុងតម្លៃណាក៏ដោយ។

ជាងនេះទៅទៀត ត្រូវបម្រើប្រជាជន តាមរយៈបន្ដចុះជួយប្រជាជនឱ្យកាន់តែល្អប្រសើរជាងមុន ដោយត្រូវឆ្លើយតប និងបំពេញនូវតម្រូវការចាំបាច់ពេលពលរដ្ឋមានបញ្ហា ទាន់ពេលវេលា ចេះយល់សុខទុក្ខ និងការលំបាក ហើយត្រូវរួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ជាពិសេស ពង្រឹងភូមិ ឃុំ មានសុវត្ថិភាព និងអភិវឌ្ឍមូលដ្ឋាន លើគ្រប់វិស័យ៕