អំណោយសម្តេចពិជ័យសេនា ទៀ បាញ់ ត្រូវបានប្រគល់ជូនយោធិនពិការ៣១៧ តាកែនកោះស្លា ក្នុងឱកាសយភ្ជុំបិណ្ឌ


(កំពត)៖ ឯកឧត្តម ឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូនាយទាហានក្រសួងការពារជាតិ ជួបសំណេះ សំណាលសួរសុខទុក្ខនាយទាហាន ពលទាហាន និងយោធិនពិការ នៅភូមិអភិវឌ្ឍន៍យោធិនពិការ៣១៧ តាកែនកោះស្លា និងនាំយកអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ ចែកជូនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅស្រុកឈូក ខេត្តកំពត។

បើតាមរបាយការណ៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ទិត្យ ម៉េងឡុង អគ្គនាយករងយោធសេវា និងនាយកភូមិអភិវឌ្ឍន៍យោធិន ពិការ ៣១៧កោះស្លា បានរាយការណ៍ជូនឱ្យបានជ្រាបអំពី សភាពការណ៍រួមនៅក្នុងមជ្ឈមណ្ឌលមាន ចំនួន២៥១គ្រួសារ ទាំងយោធិនពិការ, លោកគ្រូ អ្នកគ្រូបង្រៀន និងសិស្ស។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ទិត្យ ម៉េងឡុង បានបន្តថា វិស័យសិក្សាធិការ ភូមិអភិវឌ្ឍន៍យោធិនពិការ ៣១៧កោះស្លា មន្ទីរពេទ្យបង្អែកដែលមានអាគារសម្ភពព្យាបាលជំងឺទូទៅជំងឺឆ្លង, អគារសំរាកព្យាបាលនិងអាហារដ្ឋាន។ មជ្ឈមណ្ឌលមានវត្ត១ មានព្រះវិហារ, មានព្រះសង្ឃគង់ចាំព្រះវស្សា។ មជ្ឈមណ្ឌលមានផ្សារទំហំ៨០ គុណ៣០០ម៉ែត្រ មានអាជីវករលក់ដូរជាង១១០តូប។ មានបណ្ដាញចូលមកធ្វើឱ្យបងប្អូនមានអគ្គីសនីប្រើប្រាស់គ្រប់ក្រុមគ្រួសារ និងមានផ្លូវល្អទៀតផង។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការ និងក្រុមគ្រួសារក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចពិជ័យសេនា ទៀ បាញ់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខនាយទាហាន ពលទាហាន ព្រមទាំងក្រុមគ្រួសាររបស់បងប្អូនយោធិនពិការគ្រប់ពេលវេលា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ បានបន្តថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំក្រសួងការពារជាតិ តែងតែដឹងគុណជានិច្ចចំពោះវីរភាព អង់អាចក្លាហានរបស់បងប្អូនជនពិការដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិក្នុង អំឡុងសម័យសង្គ្រាមស៊ីវិលកន្លងមក។ ហេតុនេះ ហើយបានជាសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្ដល់នូវអ្វីៗទាំងអស់គ្រប់បែបយ៉ាង ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនព្រមទាំងក្រុមគ្រួសាររបស់យោធិនពិការកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានកោតសសើរចំពោះនាយហាន និងពលទាហាន យោធិនពិការ៣១៧ ដែលរក្សាបាននូវប្រពៃណី សីលធម៌ អត្តចរិក និងវិន័យរបស់កងយោធពលខេមរភូមិន្ទ ដោយកន្លងមកពុំដែលធ្វើអំពើអ្វីមិនសមរម្យ បង្កការលំបាកដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយឡើយ។

ក្នុងឱកាសដែលពិភពលោកសព្វថ្ងៃកំពុងរងនូវការរីករាលដាលនៃជំងឺកូវីដ-១៩ នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់យោធិនពិការ និងក្រុមគ្រួសារទាំងអស់បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ និងការពារជំងឺឆ្លងដ៏កាចសាហាវនេះត្រូវធ្វើអនាម័យឱ្យបានទៀងទាត់ដូចជា៖ ពាក់ម៉ាស លាងដៃនឹងសាប៊ូ។

អំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ដែលនាំមកចែកជូនដល់បងប្អូនយោធិនក្នុងឱកាសនោះរួមមាន៖ ក្នុង១ គ្រួសារទទួលបានមី៥កញ្ចប់, ត្រីខ៥កំប៉ុង, ទឹកដោះគោ ១កំប៉ុង, ស្កសរ ១គីឡូក្រាម និងថវិកា ៣ម៉ឺនរៀល និងជូនដល់ភូមិអភិវឌ្ឍន៍យោធិនពិកា៣១៧ ចំនួន ៥លាន ៩៤ម៉ឺនរៀល ព្រមទាំងប្រគេនស្លាដក, បច្ច័យថ្វាយព្រះសង្ឃព្រមទាំងដូនជី តាជីទៀតផង៕