ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ៖ វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ថា វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SME) បានចាត់ទុកជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចរបស់ជាតិ។

ការបញ្ជាក់បែបនេះ របស់ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើឡើងនាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ក្នុងវេទិកាជំនួបទំនាក់ទំនងសហគ្រិនត្រៀមប្រកួតជើងឯក នៃសហគ្រាសធុនតូច និងមធ្យម (SME CHAMPIONSHIP NETWORKING NIGHT) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដែលរៀបចំឡើងដោយក្រុមហ៊ុន PLMP Venture Capital។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីឱកាសវិនិយោគនៅកម្ពុជា ដោយបានគូសបញ្ជាក់ថា កម្ពុជាមានគោលនយោបាយ និងបរិយាកាសវិនិយោគយ៉ាងល្អ ក្នុងការទាក់ទាញ វិនិយោគិនឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ហើយកម្ពុជាស្ថិតនៅទីតាំងល្អ សម្រាប់ការទាក់ទាញវិនិយោគិនមកពីបស្ចិមប្រទេស និងក្រុមហ៊ុននានាលើពិភពលោកផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក៏បានអបអរសាទរដល់ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យមចំនួន១២ ដែលបានជ្រើសរើសក្នុងចំណោមក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យមជាង២០០ ដោយគណៈកម្មាធិការក្រុមប្រឹក្សាកំណើន សហគ្រាសធុនតូចនិងមធ្យម ដែលរៀបចំដោយក្រុមហ៊ុន PLMP Venture Capital និងសម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យម (Federation of Associations for SMEs of Cambodia) ដោយមានការគាំទ្រពេញទំហឹងពី SECC, ទីផ្សារមូលប័ត្រកម្ពុជា (CSX) ធានាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា Philip Bank Yuantai Securities Bee Capital និងដៃគូ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឲ្យក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាទាំងអស់ ដែលមានវត្តមាននៅទីនេះ បង្ហាញអំពីផលិតផល អាជីវកម្ម សេវាកម្ម និងបណ្តាញរបស់ខ្លួន ជាមួយអ្នកដឹកនាំអាជីវកម្មលេចធ្លោ និងសារព័ត៌មាន ដើម្បីត្រៀមចូលរួមប្រកួតប្រជែងជើងឯកសហគ្រាសធុនតូច និងមធ្យម ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា ទោះបីមានការរីករាលដាលជាសកល នៃជំងឺឆ្លងកូវីដ-១៩ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានងើបចេញពីវិបត្តិនេះ យ៉ាងជោគជ័យ ហើយកម្ពុជានៅតែរឹងមាំខ្លាំងក្លា និងល្អជាងនេះសម្រាប់វិនិយោគិនមកពីគ្រប់មជ្ឈដ្ឋានជុំវិញពិភពលោក។

DATO Sri Dr. Peter Lim ប្រធានប្រឹក្សា នៃក្រុមហ៊ុន PLMP Venture Capital បានលើកឡើងថា កាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ក្រុមហ៊ុន PLMP Venture Capital បានចុះអនុស្សារណៈនៃការយោគយល់គ្នា(MOU) ជាមួយសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យម បង្កើតឲ្យមានគណៈកម្មាធិការប្រកួតជើងឯក សហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញ រៀបចំវេទិកាសហគ្រាសធុនតូចនិងមធ្យម ស្តីពីអត្ថប្រយោជន៍នៃការចុះបញ្ជីមូលប័ត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)។

លោកបានបន្តទៀតថា ក្នុងការប្រកួតប្រជែងក្រុមហ៊ុន SME នឹងត្រូវបានជ្រើសរើស សម្រាប់វដ្តមូលនិធិវិនិយោគដោយគណៈកម្មាធិការគណៈវិនិច្ឆ័យ SME ហើយ សហគ្រាសធុនតូច និងមធ្យម នឹងឈានទៅដល់ការចុះបញ្ជីមូលប័ត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនៅលើទីផ្សារ ក្នុងទីផ្សារមូលប័ត្រកម្ពុជា ក្នុងរយៈពេលមួយឬពីរឆ្នាំបន្ទាប់ ហើយអាចនឹងក្លាយទៅជាសាជីវកម្ម អន្តរជាតិមួយនៅក្នុងរយៈពេល ៥ឆ្នាំក្រោយ។

លោក Peter Lim សង្ឃឹមថា ប្រទេសកម្ពុជា ដែលកំពុងរីកចម្រើន និងមានបរិយាកាសវិនិយោគប្រកបដោយភាពរួសរាយរាក់ទាក់សម្រាប់ SME នឹងអាចទាក់ទាញវិនិយោគិនបន្ថែមទៀត ដើម្បីផ្តល់នូវមូលនិធិសម្រាប់ការរីកចម្រើន SME នៅកម្ពុជា សម្រាប់វិស័យសំខាន់ៗមួយចំនួនរួមមាន៖ កសិកម្ម ថាមពល ដំណើរការចំណីអាហារ ខ្សែសង្វាក់ផ្គត់ផ្គង់ ផ្នែកវេជ្ជសាស្រ្ត និងផ្នែកបច្ចេកវិទ្យាជាដើម។

លោកបញ្ជាក់បន្ថែមថា បេសកកម្មនៃសហគ្រាសធុនតូចនិងមធ្យម (SME CHAMPIONSHIP PROGRAM) គឺដើម្បីភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នជាតិ និងស្ថាប័នអន្ដរជាតិ ជាពិសេសពីតំបន់អាមេរិក និងអឺរ៉ុប ចូលមកប្រទេសកម្ពុជា ក្នុងការគាំទ្រដល់កម្មវិធីប្រកួតជើងឯក សហគ្រាសធុនតូច និងមធ្យមរហូតដល់ការចុះបញ្ជីមូលប័ត្រ ជាសាធារណៈលើកដំបូងនៅទីផ្សារក្នុងទីផ្សារមូលប័ត្រកម្ពុជា CSX ជោគជ័យ៕