រដ្ឋបាលខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា គណៈអភិបាល លើការអនុវត្តការងារ


នៅព្រឹកថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី និងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា គណៈអភិបាល ការអនុវត្តមុខងារ និងធនធាន និងវគ្គផ្សព្វផ្សាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកស្រី លោក នាយករងរដ្ឋបាលខេត្ត លោកនាយក ទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត លោក អភិបាល អភិបាលរង ក្រុង ស្រុក លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោក លោកស្រី អនុប្រធានមន្ទីរពាក់ព័ន្ធ និងអស់លោក លោកស្រីជាច្រើនរូបទៀត។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល រហូតមកដល់ពេលបច្ចុប្បន្ន កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាច្រើន និងមានការរៀចំប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការផ្ទេរអំណាច មុខងារ និងធនធាន ពីក្រសួងស្ថាប័នថ្នាក់ជាតិ ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើទោះបីជាយើងបានប្រឈមនឹងបញ្ហាប្រទាំងប្រទើសមួយចំនួន ដែលធ្វើឱ្យដំណើរការទាំងនេះមានភាពយឺតយ៉ាវយ៉ាងក្តី ក៏យើងបានខិតខំសហការគ្នា សម្របសម្រួលគ្នា និងពុះពារគ្រប់ឧបសគ្គ ដើម្បីជំរុញឱ្យកិច្ចដំណើរការនៃកំណែទម្រង់ដ៏សាំញ៉ាំ ប៉ុន្តែមានភាពចាំបាច់ និងសារៈសំខាន់បំផុតសម្រាប់ប្រទេសយើង ដើម្បីមានការវិវត្តទៅមុខ ស្របតាមបរិបទជាក់ស្តែង នៃស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់យើងផងដែរ។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ដើម្បីអាចទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ជាអតិបរមាពីវគ្គបណ្តុះបណ្តាលនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ត្រូវទុកការងាររបស់ខ្លួនដោយឡែកមួយរយៈ ហើយខិតខំយកចិត្តទុកដាក់ក្នុងការតាមដាន និងផ្តោតអារម្មណ៍លើការសិក្សាឱ្យបានល្អ និងត្រូវចូលរួមដោយសកម្មនៅក្នុងដំណើរការនៃវគ្គបណ្តុះបណ្តាលនេះទាំងមូលផហដែរ។
សូមជម្រាបជូនដែរថាវគ្គបណ្តុះបណ្តាលនេះមានចំនួន ២ វគ្គ និងមានរយៈពេល ៤ថ្ងៃ គោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតជូនថ្នាក់ដឹកនាំនៅរដ្ឋបាលខេត្ត និងក្រុង ស្រុក នៃខេត្តបាត់ដំបង ដើម្បីបំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធិភាព និងស័ក្តិសិទ្ធភាព៕