ពិធីជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងនូវែលសេឡង់


ភ្នំពេញ ៖ កាលពីថ្ងៃ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យ​បេក្ខជនជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និង នូវែលសេឡង់ ចំនួន២៧រូប ចូលជួបសំណេះសំណាល នៅទីស្តីការក្រសួង​ពាណិជ្ជកម្ម ។

 

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេក្ខជនជ័យលាភី ក្នុងការចូលរួមការប្រកួតប្រជែងអាហារូបករណ៍រហូតទទួលបានជោគជ័យក្លាយជាជ័យលាភី និងផ្តល់សារដល់បេក្ខជនជ័យលាភីទាំងអស់ថា «ក្មួយៗទាំងអស់ ត្រូវចេះផ្សព្វផ្សាយអំពីសមិទ្ធផល និងភាពរីកចម្រើនរបស់ប្រទេសជាតិ ទៅកាន់មជ្ឈដ្ឋានខាងក្រៅ ហើយត្រូវចេះបំផុសឱ្យប្រជាជន និងវិនិយោគិនបរទេស ចូលមកទស្សនា និងបណ្តាក់ទុនកាន់តែច្រើននៅក្នុងប្រទេសយើង។ លើសពីនេះត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងអត្តចរិកថ្លៃថ្នូរ ស័ក្តិសមជាយុវជន និងយុវនារី តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អ ជាមួយនិស្សិតមកពីប្រទេសផ្សេងៗ»។

ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានគូសបញ្ជាក់អំពីសមិទ្ធផលការងារសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ដែលសម្រេចបានកន្លងមក ដោយអនុវត្តន៍កម្មវិធីកំណែទម្រង់ និងគោលនយោបាយដ៏មានប្រសិទ្ធភាពជាច្រើន ដូចជាការធ្វើប្រតិភូកម្ម ជូនទៅបណ្តាខេត្តជាប់ព្រំដែនចំនួន១៦ មានសិទ្ធិចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ ឌី (CO Form D) ដើម្បីនាំចេញកសិផលទៅតំបន់អាស៊ីអាគ្នេយ៍។ ការធ្វើប្រតិភូកម្មឱ្យមន្ទីរពាណិជ្ជកម្មខេត្តអាចមានសិទ្ធិអំណាចក្នុងការរៀបំពិព័រណ៍នៅតាមខេត្ត។ បានធ្វើប្រតិភូកម្មឱ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត មានសិទ្ធិចេញលិខិតអនុញ្ញាតអាជីវកម្ម និងសេវាកម្ម ។ ការធ្វើប្រតិភូកម្មឱ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត មានសិទ្ធិចេញលិខិតអនុញ្ញាតឱ្យប្រកបមុខរបរលោហធាតុត្បូងថ្មមានតម្លៃ គ្រឿងអលង្ការគ្រប់ប្រភេទ និងការបិទស្លាកទំនិញជារូបិយប័ណ្ណនៅតាមទីផ្សារ និងការរៀបចំក្រុមការងារចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលក្នុងនោះមានក្រុមការងារចំនួន ៨ក្រុម ទទួលបន្ទុកប្រទេស រួមមាន៖ ប្រទេសចិន ចក្រភពអង់គ្លេស សាធារណរដ្ឋកូរ៉េ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) អាម៉េរិក ជប៉ុន ម៉ុងហ្គោលី និងប្រទេសឥណ្ឌា។ ដោយឡែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនបានបញ្ចប់ការចរចា នឹងត្រូវចុះហត្ថលេខានាពេលខាងមុននេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើប្រតិភូនិស្សិតកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងនូវែលសេឡង់ ឆ្នាំសិក្សា២០២០-២០២១ ជួយផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ទៅដល់និស្សិតបរទេស និងប្រជាជនអូស្ត្រាលី និងនូវែលសេឡង់ ដើម្បីលើកស្ទួយកិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានជូនពរដល់ប្រតិភូនិស្សិតអាហារូបករណ៍ទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងបានផ្តាំផ្ញើឱ្យខិតខំប្រឹងប្រែងសិក្សា ដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជាថ្មីៗ និងបទពិសោធន៍ល្អៗពីការសិក្សា ដើម្បីវិលត្រឡប់មកចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាលនាពេលអនាគត៕