អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពទឹក និងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងស្រុកបវេល


បាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយមន្ទីរជំនាញ អាជ្ញាធរ​ស្រុក លេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគ្រោះមហរាយខេត្ត និងភាគីពាក់ព័ន្ធមួយ​ចំនួន​ទៀត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រស្រុកបវេល ខេត្តបាត់ដំបង ដែលកំពុងរងការលិចលង់ដំណាំ​ស្រួវមួយចំនួន​បណ្តាលមកពីជំនន់ទឹកភ្លៀងនៅប៉ែកខាងលើ។ ការចុះពិនិត្យនេះ ធ្វើឡើង កាលពីរសៀល​ថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តម ងួន រតនៈ ក៏បានចុះពិនិត្យការសាងសង់បន្ថែមនូវប្រព័ន្ធធារាស្ត្រ និងហេដ្ឋា​រចនាសម្ព័ន្ធជាច្រើនដែលស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាណន់ ផងែរ ដែលអាចនាំទឹកចូល​ក្នុងអាងកំពីងពួយ។ ឯកឧត្តមអភិបាលខេត្តបានថ្លែងកោតសរសើរចំពោះបងប្អូនប្រជាកសិករ ដោយមិនទុកដីឱ្យនៅទំនេរ ដែលបានខិតខំបង្កបង្កើនផលនៅក្នុងវគ្គ២ ជំហាន២នេះ។ ឯកឧត្តមបានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីបើកទម្លាក់ទឹកពីស្រែបង្ហូរទៅកាន់ស្ទឹងបវេល បន្តហូរ​ចូលស្ទឹងមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីចៀសវាងអូសបន្លាយពេល​វេលាយូរបណ្តាល​ឱ្យខូចខាតដំណាំស្រូវរបស់បងប្អូនប្រជាកសិករ។ ឯកឧត្តមអភិបាលខេត្ត បានជំរុញទៅដល់ អាជ្ញាធរ​ស្រុក ក៏ដូចជាមន្ទីរពាក់ព័ន្ធ បន្តខិតខំជួយអន្តរាគមន៍នូវបញ្ហាជំនន់ទឹកភ្លៀងនេះ បើ​ទោះបីមិនទាន់មានការប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ តែត្រូវត្រៀមជានិច្ចនូវទីទួល​សុវត្ថិ​ភាព ហើយពិនិត្យលទ្ធភាពបន្ថែមក្នុងការបង្ហូរទឹកជំនន់នេះ ឱ្យអស់ពីស្រែរបស់ប្រជាពលរដ្ឋ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា សម្រាប់​ខែតុលា ឆ្នាំ២០២០នេះ ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយ ហើយក្រសួងបានអំពាវនាវ​ដល់ពលរដ្ឋ សូមមានការប្រុងប្រយ័ត្នពីបាតុភូតផ្សេងៗ៕