ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យ​ប្រធានថ្មីនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ


ភ្នំពេញ ៖នាថ្ងៃ៦កើត ខែកត្តិក ឆ្នាំ​ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង​ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យលោក ថាស៊ីឡូ  ព្រីនសឺ (Tassilo Brinzer) ប្រធានថ្មីនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ចូលជួបសម្តែ ង​ការគួរសម​ ដើម្បីពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម ។

 

នៅក្នុង​ឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមាន​ប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាកន្លងមក ក៏ដូចជាធ្វើបច្ចុប្បន្នភាពជូនអំពីការអនុម័តច្បាប់ថ្មីៗ ដូចជា ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ការពារអ្នកប្រើប្រាស់ និងការរៀបចំសេចក្ដីព្រាងច្បាប់ប្រកួតប្រជែងជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បាន​គូសបញ្ជាក់​ផងដែរ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានបញ្ចប់ជាមួយសាធារណរដ្ឋប្រជាមានិតចិន កិច្ចព្រមព្រៀងពា​ណិជ្ជ​​កម្មសេរី ដែលកម្ពុជាកំពុងចរចាជាមួយសាធារណរដ្ឋកូរ៉េ និងការត្រៀមចរចាជាមួយប្រទេសជាដៃគូសំខាន់ៗដទៃទៀតជាដើម និង​បានលើកទឹកចិត្តឱ្យប្រតិភូនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាចូលរួមកម្មវិធី ឬព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងជំនួបពាណិជ្ជកម្មជាមួយអ្នកធុរកិច្ចកម្ពុជា និងបានស្នើឱ្យកិច្ចសហប្រតិបត្តិការពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ចូលរួមក្នុងការរៀបចំវេទិកាធុរៈកិច្ចនានានៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM)លើកទី១៣ នៅប្រទេសកម្ពុជា នាពេលខាងមុខផងដែរ។

ដោយឡែក លោកប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលដ៏ល្អដែលកម្ពុជាទទួលបាន ការអនុម័តច្បាប់ខាងលើនេះ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះ ដើម្បីធានាភាពជឿជាក់សម្រាប់អ្នកធុរកិច្ច និងវិស័យពាណិជ្ជកម្មនៅកម្ពុជានាពេលអនាគត និង​បាន​លើកឡើងពីគោលការណ៍របស់ក្រុមហ៊ុនអឺរ៉ុប ក្នុងការប្រើប្រាស់ថាមពលកើតឡើងវិញ និងការកាត់បន្ថយកម្រិតឧស្ម័នកាបូនឌីអុកស៊ីតឱ្យមក ០ភាគរយ ក្នុងឆ្នាំ២០៣០ នៅក្នុងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។ លើសពីនេះទៀត លោកប្រធានក៏បានយល់ព្រមក្នុងការជួយរៀបចំវេទិកាធុរៈកិច្ចនៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ដោយទទួលអញ្ជើញវាគ្មិនអន្តរជាតិចូលរួមក្នុងវេទិកានេះផងដែរ៕ ដោយ ទេស ច័ន្ទសុធារី