លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចុះចែកអំណោយជូនពលរដ្ឋក្រីក្ររងគ្រោះទឹកជំនន់ជាង១ពាន់គ្រួសារ ក្នុងខណ្ឌចំនួន២នៃរាជធានីភ្នំពេញ


(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានបន្ដចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ សម្រាលការលំបាករបស់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១,០៤០គ្រួសារ ដែលមកពី ៣សង្កាត់ ក្នុងខណ្ឌព្រែកព្នៅ និង១សង្កាត់ក្នុងខណ្ឌសែនសុខ។

ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះ បានធ្វើឡើងនៅភូមិពុទ្រា សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា នៅក្នុងខណ្ឌព្រែកព្នៅ មានចំនួន៥សង្កាត់ ក្នុងនោះ៣សង្កាត់ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង មានចំនួន៨៩២គ្រួសារ គឺនៅសង្កាត់គោករការ ចំនួន៨២៣គ្រួសារ សង្កាត់ពន្សាំង៣៨គ្រួសារ សង្កាត់ព្រែកព្នៅ ៣១គ្រួសារ។

សម្រាប់ខណ្ឌសែនសុខ មានចំនួន៦សង្កាត់ ក្នុងនោះមានតែមួយសង្កាត់ប៉ុណ្ណោះ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង គឺសង្កាត់ឃ្មួញ ដែលមានចំនួន១៤៨គ្រួសារ។

ដូច្នេះ សង្កាត់ដែលរងគ្រោះខាងលើនេះ ក្នុងមួយគ្រួសារទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា រួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប អំបិល២គីឡូក្រាម ទឹកបរិសុទ្ធ១កេស, ឃីត១មាន សារុង ក្រមា មុង ភួយ និងអាវយឺត២។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានខិតខំប្រឹងប្រែងក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស។

ជាក់ស្ដែងក្នុងអំឡុងគ្រោះមហន្ដរាយធម្មជាតិ ដោយជំនន់ទឹកភ្លៀងនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានខិតកាន់តែជិត រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដើម្បីជួយស្វះស្វែងជួយសម្រាលការលំបាក។

ជាពិសេសជិតមួយសប្ដាហ៍មកនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយដោយផ្ទាល់ជូនដល់គ្រួសារក្រីក្រ រងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះជាច្រើនពាន់គ្រួសារ នៅក្នុងខណ្ឌចំនួនចំនួន៣ ក្នុងរាជធានីភ្នំពេញ រួមមាន៖ ខណ្ឌដង្កោ, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌច្បារអំពៅ ។

ក្រៅពីនោះ គិតចាប់ពីការប្រែប្រួលអាកាសធាតុ កម្ពុជាក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគេ្នយ៍មួយចំនួនទៀត បានទទួលរងផលប៉ះពាល់ដោយសារប្រព័ន្ធសម្ពាធទាប មានភ្លៀងធ្លាក់ជោគជាំ បង្ករទៅជាជំនន់ទឹកភ្លៀង ស្ទើរគ្រប់ទីកន្លែង ដែលធ្វើឱ្យរាជធានី-ខេត្ដចំនួន១០របស់កម្ពុជា បានរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

ខណៈនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានផ្ដល់ថវិកា៥០០លានរៀលភ្លាមៗដល់សាខាកាកបាទក្រហម រាជធានី-ខេត្ដ ចំនួន៥ ដែលពលរដ្ឋរងគ្រោះជាងគេ ក្នុងនោះមាន៖ ខេត្ដពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងរាធានីភ្នំពេញ ដោយក្នុងមួយសាខាទទួលបានថវិកា១០០លានរៀល ដើម្បីទិញស្បៀងជួយដល់ពលរដ្ឋរងគ្រោះ និងចាត់មន្ដ្រីស្នាក់កណ្ដាលនៅរាជធានីភ្នំពេញ ចុះជួយធ្វើការបន្ថែមទៀតផងដែរ។

កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានខិតខំប្រឹងប្រែងក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស។

ជាក់ស្ដែងក្នុងអំឡុងគ្រោះមហន្ដរាយធម្មជាតិ ដោយជំនន់ទឹកភ្លៀងនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានខិតកាន់តែជិត រួមសុខ រួមទុក្ខជាមួយពលរដ្ឋគ្រប់ពេលវេលា ដើម្បីជួយស្វះស្វែងជួយសម្រាលការលំបាក។

លើសពីនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត តែងតែផ្ដល់សារអប់រំសុខភាព និងសុវត្ថិភាព អំឡុងទឹកជំនន់នេះ ដើម្បីក្រើនរម្លឹកដល់ប្រជាពលរដ្ឋ កុំឱ្យភ្លេចខ្លួន ត្រូវប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច នូវគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ ដូចជា៖ លង់ទឹក, ពស់ចឹក, រាគរូស និងកើតជំងឺអាសន្នរោគនានា ដែលកើតឡើងពីការខ្វះអនាម័យ ជាពិសេស ការការពារពីការឆ្លងជំងឺកូវីដ១៩។

កាកបាទក្រហមកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាល ហើយជាស្ថាប័ននាំមុខគេក្នុងការងារមនុស្សធម៌ និងដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាចខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ជួយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ដោយគ្រោះមហន្ដរាយនានា ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។

សមាគមន៍កាកបាទក្រហមកម្ពុជា គឺទទួលបានការគាំទ្រដោយសប្បុរសជន ទាំងក្នុង និងក្រៅស្រុក ដោយមិនមែនប្រើថវិការបស់រាជរដ្ឋាភិបាលនោះទេ។ ដោយភាពសកម្មនៃប្រតិបត្ដិការជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត បានទាន់ពេលវេលា និងគ្រប់ទីកន្លែងដែលធ្វើឱ្យមានការឧបត្ថម្ភគាំទ្រកាន់តែច្រើនៗពីសប្បុរសជន៕