រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សម្ភារបរិក្ខារសុខាភិបាលជំនួយបន្ថែម៤៩មុខ ស្មើនឹងថវិការជិត៤០០លានរៀល បន្តជួយជំរុញលើការងារសុខភាពសាធារណៈជូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក កែវ វណ្ណៈ ទីប្រឹក្សាសម្តេចមហាពញាចក្រី ហេង សំរិន និងជាប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងលោក ផល ពន្លឺ អនុប្រធានមន្ទីរ បាននាំយកសម្ភារបរិក្ខារសុខាភិបាលយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅចែកផ្តល់ជូនដល់មន្ទីរបង្អែក និងប៉ុស្តិ៍មណ្ឌលសុខភាពជុំវិញខេត្តត្បូងឃ្មុំ ដែលជាសម្ភារបំពេញបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ដើម្បីជួយជំរុញលើការពិនិត្យព្យាបាលជូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ។
បើតាម លោក ផល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សម្ភារបរិក្ខារទាំងនេះ មានសរុប១២ឃីត ស្មើនឹង៤៩មុខ ដែលសរុបជាទឹកប្រាក់ប្រមាណជិត៤០០លានរៀល ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនតាមរយៈក្រសួងសុខាភិបាល ដោយចែកជូនទៅមណ្ឌលសុខភាពទាំង៧១ មន្ទីរពេទ្យបង្អែក និងការិយាល័យស្រុកក្រុងទាំង០៧ ហើយជាសម្ភារដែលមិនមានក្នុងផែនការប្រចាំឆ្នាំទេគឺជាសម្ភារបំពេញបន្ថែម។
មានប្រសាសន៍នាឳកាសនោះ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្យ ដឹងថា សម្ភារបរិក្ខារដែលបាននាំយកចែកពេលនេះគឺជាការផ្តល់ជូនបំពេញបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍វៃឆ្លាត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលើកគម្រោងសម្ភារចែកជូនដល់មូលដ្ឋានសុខាភិបាលនៅទូទាំងប្រទេសកម្ពុជា ជាពិសេសនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ តាមរយៈក្រសួងស្ថាប័នសុខាភិបាល ធ្វើយ៉ាងណាឲ្យការបំរើសេវាវិស័យសុខាភិបាលនៅកម្ពុជាបានកាន់តែល្អ ទទួលបានទំនុកចិត្តពីពលរដ្ឋ ពិសេសបំពេញឲ្យបានកាន់តែប្រសើរ នាអំឡុងការរាតត្បាតជំងឺកូវីដ-១៩។
បន្ទាប់ពីទទួលបានសម្ភារអស់ទាំងនេះហើយ លោក កែវ វណ្ណៈ ក៍បានណែនាំដល់ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក ប៉ុស្តិ៍មណ្ឌលសុខភាពទាំងអស់ ត្រូវប្រើប្រាស់ទុកដាក់ឲ្យបានល្អ បម្រើផលប្រយោជន៍សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់៕