អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យមើលការសាង់សង់បន្ទប់ទឹកសាធារណៈ នៅតាមបណ្តោយឆ្នេរ


ព្រះសីហនុ  កាលពីរសៀលថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់បន្ទប់ទឹកសាធារណៈ ស្ថិតតាម បណ្តោយឆ្នេរអូរឈើទាល២ ឆ្នេរអូរត្រេះ១ ឆ្នេរអូរត្រេះ២ និងឆ្នេរពយជំទាវម៉ៅ។

ក្នុងការចុះពិនិត្យឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យក្រុម ការងារជំនាញនីមួយៗត្រូវបង្កើនការសាងសង់ តាមបទដ្ឋានលក្ខណៈបច្ចេកទេស និងសម្រេចបានតាមគំរូប្លង់របស់គណៈកម្មាធិការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បន្ទប់ទឹកសាធារណ: ទាំង៩ នៅតាម បណ្ដោយឆ្នេរក្នុងក្រុងព្រះសីហនុ ក្រោមគោលនយោបាយរបស់សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងដំណើរការសាង សង់បម្រើឱ្យវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ពិសេសសម្រាប់បម្រើជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០២១ ខាងមុខនេះ ដើម្បីដាក់ឱ្យប្រើប្រាស់ ជាសាធាណៈ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តចុះទៅពិនិត្យមើលការដំឡើងភ្លើងបំភ្លឺផ្លូវសាធារណៈ នៅជុំវិញគល់ឈើចាំស្នេហ៍ ដើម្បីឱ្យមានសោភណភាពកាន់តែស្រស់ស្អាតជូនបងប្អូនប្រ ជាពលេរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត និងថតរូបទុកជាអនុស្សវរីយ៍ផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ការងារសាងសង់បន្ទប់ទឹក សាធារណៈទាំង៩ទីតាំង នៅតាមបណ្តោយឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរពយជំទាវម៉ៅ មានក្រុមហ៊ុនចំនួន៤ជាអ្នកសាងសង់មានដូចជា៖១-ក្រុមហ៊ុន ពិស្ណុការ,២-ក្រុមហ៊ុន ហេង សម្បត្តិ ៣-ក្រុមហ៊ុន វីធី៤-កងវិស្វកម្មក្រសួងមហាផ្ទៃ។

ជាលទ្ធផលការងារសាងសង់បន្ទប់ទឹកទាំង ៩ទីតាំង សម្រេចបានប្រមាណ ៣៥.១ភាគរយ នៃការងារទាំងអស់ និងគ្រោងបញ្ចប់មុនចូលឆ្នាំប្រពៃណីខ្មែរ៕