លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្មុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០ និងទិសដៅការងារឆ្នាំ ២០២១ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា៖សន្និបាតនេះមានគោលបំណងត្រួតពិនិត្យវាយតម្លៃនិងបូកសរុបលទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងឆ្នាំ កន្លងមកនិងដាក់ចេញនូវវិធានការទិសដៅថ្មីៗសម្រាប់អនុវត្តឆ្នាំបន្ទាប់ ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល និងបម្រើប្រជាជន សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អដែលជាឧត្តមប្រយោជន៍របស់សង្គមជាតិទាំងមូលស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយបានកំណត់ នូវអាទិភាព សូចនាករ និងក្របខ័ណ្ឌពេលវេលាច្បាស់លាស់សម្រាប់អនុវត្ត និងយន្តការសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ផ្អែកលើលទ្ធផលការងារ ព្រមទាំងមានកំណត់ការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ននៅតាមមុំ ឬវិស័យនីមួយៗឲ្យទទួលបានជោគជ័យតាមផែនការ ។
សន្និបាតរយៈពេលមួយថ្ងៃនេះ ក៏មានរបៀបវារៈចំនួន ៤ ដែលនឹងត្រូវដាក់ចូលក្នុងកិច្ចពិភាក្សា រួមមាន ៖
ទី១. ការពង្រឹងប្រសិទ្ធភាពកិច្ចការទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់
ទី២. ការពង្រឹងប្រសិទ្ធភាពកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ
ទី៣. ការពង្រឹងប្រសិទ្ធភាពកិច្ចការអធិការកិច្ច ទទួលពាក្យបណ្ដឹង និង ដោះស្រាយពាក្យបណ្ដឹង
ទី៤. ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានអធិការកិច្ច ។
លោកជំទាវក៏បានជម្រុញ និងលើកទឹកចិត្តឲ្យមន្រ្តីរាជការពង្រឹងសមត្ដភាពបន្ថែមលើវិស័យអធិការកិច្ច តាមដានការអនុវត្តច្បាប់ ដោះស្រាយពាក្យបណ្តឹង និងផ្សព្វផ្សាយច្បាប់ ។ បន្ទាប់មកលោកជំទាវ បាន ស្នើសុំ សមាជិក សមាជិកា នៃ អង្គសន្និបាតឲ្យ ចូលរួម ផ្តល់ មតិ ក្នុង កម្មវិធី ពិភាក្សា ឲ្យ បាន ផុលផុស ទៅតាម របៀបវារៈ សន្និបាត ហើយ ចូលរួម គាំទ្រ និង អនុវត្ត ឲ្យ បាន សកម្ម បន្តទៀត នូវ គោលនយោបាយសំខាន់ៗលើ វិស័យ ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ទិសដៅ ការងារសំខាន់ៗដែល ត្រូវអនុវត្ត នៅ ឆ្នាំ២០២១ ឲ្យ ទៅជា ចលនា រួម ដ៏ ខ្លាំងក្លា សំដៅ សម្រេច ឲ្យ បានជា ផ្លែផ្កា បន្តទៀត និងបានប្រកាសបើកសន្និបាតជាផ្លូវការ៕












