អភិបាលរងខេត្តកណ្ដាល ជួបសំណេះសំណាលជាមួយពលរដ្ឋធ្វើចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ


កណ្ដាល នៅថ្ងៃ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ចំនួន ៣០នាក់ ។

 

ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន កុសនី បានសម្ដែងនូវការអបអរសាទរ ដល់បងប្អូនប្រជាពលរដ្ឋទាំង ៣០នាក់ ដែលបានធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ព្រមទាំងធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយលទ្ធផលមិនមានអ្នកណាម្នាក់មានផ្ទុកមេរោគកូវីដ-១៩ឡើយ។

លោកជំទាវអភិបាលរងខេត្ត ក៏បានធ្វើការអប់រំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្ទាប់ពីត្រឡប់ទៅផ្ទះរៀងខ្លួនវិញ ត្រូវអនុវត្តន៍ឱ្យបានល្អនូវវិធានការការពារមេរោគកូវីដ-១៩ ៣ការពារ ៣កុំ នោះគឺ ៣ការពារ គឺ១-ពាក់ម៉ាសជាប្រចាំ ២-លាងដៃជាមួយអាល់កុល សាប៊ូ ឬជែល ឱ្យបានញឹកញាប់ ៣-រក្សាគម្លាតសង្គម គម្លាតបុគ្គល យ៉ាងតិច១ម៉ែត្រកន្លះឡើងទៅ និង ៣កុំ គឺ១-កុំចូលទៅកន្លែងដែលបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក ២-កុំទៅកន្លែងមានមនុស្សច្រើន ៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើម និងអនុវត្តន៍តាមប្រការ ៣ការពារ ៣កុំនេះ ទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ។

លោកជំទាវបានផ្តាំផ្ញើដល់បងប្អូនទាំង៣០នាក់ ពេលវិលដល់សហគមន៍វិញ ត្រូវបន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីវិធានការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩នេះ ដើម្បីរួមចំណែកកុំឱ្យមានការកើនឡើងចំនួនអ្នកឆ្លងបន្ថែមនៅក្នុងសហគមន៍។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង ៣០នាក់ ដែលបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញនេះ គឺបានប៉ះពាល់ដោយប្រយោល នៅរោងចក្រព្រែកជ្រៃ និងនៅណាហ្គាលវើល នាពេលកន្លងមក៕