ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាំយកថ្នាំពេទ្យ ម៉ាស និងអាល់កុល ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ្រ ចន្ទមុន្នី ផ្តល់ជូនក្រុមការងារប្រចាំការនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ


(ខេត្តបន្ទាយមានជ័យ)៖ ជំងឺកូវីដ-១៩ កំពុងគម្រាមកំហែងបណ្តាប្រទេសនានាក្នុងពិភពលោក ក្នុងនោះកម្ពុជាក៏ជាប្រទេសមួយដែលកំពុងទទួលរងនូវការគម្រាមកំហែងពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះផងដែរ។ បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់ និងតែងតែធ្វើសេចក្តីណែនាំអំពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ជាប្រចាំ។ ជាការចូលរួមចំណែកក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល និងជាការគិតគូរអំពីការចូលរួមបង្ការសុខុមាលភាពប្រជាពលរដ្ឋ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាអនុប្រធានផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បាននាំយកថ្នាំពេទ្យ ម៉ាស និងអាល់កុល ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ជូនក្រុមការងារប្រចាំការអភិវឌ្ឍមូលដ្ឋានភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕