រដ្ឋមន្ត្រីក្រសួងការបរទេស ប្រគល់ម៉ាស និងបរិក្ខាមួយចំនួន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ-១៩


(ភ្នំពេញ)៖ ម៉ាសជាង២០ម៉ឺនម៉ាស និងបរិក្ខាមួយចំនួនទៀត សម្រាប់បំពាក់ជួយដល់ការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ១៩ ត្រូវបានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគនេះ។

ពិធីប្រគល់ និងទទួលថវិកាខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ញឹម ខេមរ៉ា រដ្ឋលេខាធិការ ក្រសួងការបរទេសតំណាងឱ្យឯកឧត្តម ប្រាក់ សុខុន។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម ប្រាក់ សុខុន ដែលបានឧបត្ថម្ភ ម៉ាស់ Protective ចំនួន ១០០,០០០ម៉ាស់ , ម៉ាស់ Surgical ចំនួន ១០០,០០០ម៉ាស់ , PPE NAM VIET ចំនួន២៥០ឈុត , PPE Jiangxi ចំនួន ២៥០ឈុតនិង ស្រោមដៃ ចំនួន ៥ប្រអប់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

ឯកឧត្តមបន្តថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីជំងឺកូវីដ-១៩៕