លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលទៀនព្រះវស្សា និងទេយ្យវត្ថុ ពីលោកម្ចាស់ទាន សម្រាប់ប្រគេនព្រះសង្ឃក្នុងរដូវចូលវស្សានាពេលខាងមុខ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលទៀនព្រះវស្សា និងទេយ្យវត្ថុ ពីលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន និង លោកឧកញ៉ា ផែរ ហុកឈួន និងលោកជំទាវ សៀង ស៊ីពោធិ៍ និងឯកឧត្តម សម្រាប់ប្រគេនព្រះសង្ឃ ក្នុងអំឡុងពេលចូលព្រះវស្សាដែលនឹងឈានមកដល់នាពេលខាងមុខនេះ នៅភោជនីដ្ឋានសូរិយា នារសៀលថ្ងៃច័ន្ទ ៥កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ ។
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។
លោកជំទាវក៏បានមានប្រសាសន៍ថា បើទោះបីក្នុងបរិកាណ៍កូវីដ១៩ យ៉ាងណាក៏ដោយ លោកជំទាវឧកញ៉ា ឯកឧត្តម លោកជំទាវ ក៏នៅតែបានចាប់មគ្គផល បរិច្ចាកថវិកាផ្ទាល់ខ្លួន និងទេយ្យវត្ថុ ដើម្បីចូលរួមក្នុងកម្មវិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។
លោកជំទាវក៏បានជូនបុណ្យកុសលជូនដល់ម្ចាស់ទាន និងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យប្រកបបាននូវសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេលវេលា និងជៀសផុតជំងឺកូវីដ១៩ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ៕