គណៈប្រតិភូសភាជាតិកម្ពុជាប្រើប្រាស់ភាសាបារាំង ចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយAPF


នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៩:៣០នាទី គណៈប្រតិភូសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើប្រាស់ភាសាបារាំង (APF)
តាមប្រព័ន្ធវីដេអូ នៅសាលសិក្ខាសាលាបណ្ណាល័យវិមានព្រឹទ្ធសភា ដោយផ្សាយចេញពីទីក្រុងប៉ារីស ប្រទេសបារាំង។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន១៣ រួមមាន៖
១-អនុម័តរបៀបវារៈនៃអង្គប្រជុំ។
២-អនុម័តកំណត់ហេតុពិស្តា និងសម្រង់សេចក្តីសម្រេចនៃកិច្ចប្រជុំ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
៣-ពិនិត្យអំពីស្ថានភាពនយោបាយ នៃបណ្តាប្រទេសប្រើភាសាបារាំង។
៤-២០ឆ្នាំ ការពិនិត្យឡើងវិញសេចក្តីថ្លែងការទីក្រុងប៉ាម៉ាកូៈ តុល្យភាព និងទស្សនវិស័យនៅក្នុងក្របខណ្ឌ នៃការសើរ៉ើប្រជាធិបតេយ្យនៃសភាប្រើភាសាបារាំង។
៥-ផលប៉ះពាល់នៃការអភិវឌ្ឍចំណេះដឹងសប្បនិមិត្ត លើបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
៦-ប្រតិបត្តិការក្នុងការថែរក្សាសន្តិភាព។
៧-ការពិភាក្សារបស់គណៈកម្មការនៅតំបន់សាហែល។
៨-បុព្វសិទ្ធិសភា ក្នុងស្ថានភាពចាំបាច់។
៩-ការជ្រើសរើសប្រធានបទថ្មី។
១០-ការចូលរួមទស្សនទានរបស់សភាប្រើភាសាបារាំង សម្រាប់កិច្ចប្រជុំកំពូល នៃអង្គការអន្តរជាតិប្រើភាសាបារាំង ខែវិច្ឆិកា ឆ្នាំ២០២១។
១១-ការស្នើសុំចូលជាសមាជិករបស់សភាប្រើភាសាបារាំង និងការផ្លាស់ប្តូរលក្ខន្តិកៈ។
១២-សំណួរ-ចម្លើយ។
១៣-កាលបរិច្ឆេទ និងទីកន្លែងប្រជុំលើកក្រោយ៕