សម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន, កិច្ចប្រជុំក្រៅផ្លូវការអាស៊ាន-កូរ៉េ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី តាមប្រព័ន្ធonline។

ការអញ្ជើញចូលក្នុងកិច្ចប្រជុំនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម Pehin Datu Lailaraja Major General (Retired) Dato Paduka Seri Haji Awang Halbi Bin Haji MD Yusof រដ្ឋមន្ត្រីការពារជាតិប្រ៊ុយណេដារ៉ូសាឡាម។

ក្នុងកិច្ចប្រជុំនេះសម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងចំណុចសំខាន់ចំនួន៤ចំណុចរួមមាន៖

ទី១៖ នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានសម្តេចពិជ័យសេនា ទៀបាញ់ នឹងចូលរួមចែករំលែកទស្សនៈ ស្ដីពីអនាគតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។

ទី២៖ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ ពហុភាគី ក្នុងការយកឈ្នះលើការគំរាមកំហែងផ្នែកសន្តិសុខដែលមិនមែនប្រពៃណីដូចជាសន្តិសុខលម្អសមុទ្រ ការសង្គ្រោះគ្រោះមហន្តរាយ។

ទី៣៖ ស្របគ្នានឹងកិច្ចប្រជុំនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី។

ក្នុងកិច្ចប្រជុំនេះសម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមពិនិត្យលើបច្ចុប្បន្នភាពសកម្មភាពពង្រឹងការចូលរួមរបស់អូស្ត្រាលីជាមួយអាស៊ាន, ការរៀបចំសកម្មភាពរបស់អូស្ត្រាលីជាមួយអាទិភាពអាស៊ាន និងកំណត់ទិសដៅអនាគតសម្រាប់ភាពជាដៃគូអាស៊ាន-អូស្ត្រាលី។

និងទី៤ នៅចុងបញ្ចប់កម្មវិធី សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមពិធីប្រគល់-ទទួល ជាប្រធានADMM 2022 ពីរដ្ឋមន្ត្រីការពារជាតិទី២ ប្រុយណេដារ៉ូសាឡាម៕