រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ សន្តិភាព និងស្ថិរភាពនយោបាយ ជាមូលដ្ឋានមិនអាចកាត់ថ្លៃបានក្នុងការពង្រឹងវិបុលភាពតំបន់អាស៊ីអាគ្នេយ៍


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានដែលមិនអាចកាត់ថ្លៃបាន ក្នុងការពង្រឹងវិបុលភាព និងចីរភាព តំបន់អាស៊ីអាគ្នេយ៍។

នាឱកាសថ្លែងសន្ទរកថា តាមប្រព័ន្ធ Online នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខណៈដែលសម្តេចបានដឹកនាំប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានដែលមិនអាចកាត់ថ្លៃបាន ក្នុងការពង្រឹងវិបុលភាព និងចីរភាព តំបន់ អាស៊ីអាគ្នេយ៍»

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានឱ្យដឹងថា បើសិនណាមិនមានសន្តិភាព និងស្ថិរភាពនោះទេ ប្រទេសនៅក្នុងតំបន់ក៏ប្រហែលជាមិនបានទទួលនូវការអភិវឌ្ឍ និងវិបុលភាពនោះដែរ ខណៈពេលដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ដ្រយុទ្ធសាស្រ្ត នាពេលបច្ចុប្បន្ន អាចនឹងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពតំបន់ អាស៊ានត្រូវតែធ្វើការពង្រឹងប្រពៃណី នៃការធ្វើកិច្ចសហប្រតិបត្តិការពហុភាគី ជាមួយនឹងដៃគូខាងក្រៅ ដោយផ្អែកលើការឯកភាពខាងក្នុង និងតួនាទីជាស្នូលរបស់អាស៊ាន។

បន្ថែមពីនេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជាសូមស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមប្រកបដោយភាពបើកចំហ បរិយាបន្ន និងតម្លាភាព និងដែលមានគោលដៅច្បាស់លាស់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង សន្តិភាពប្រកបដោយចីរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

ការវិវត្តនៃស្ថានភាពសន្តិសុខនាពេលថ្មីៗនេះ គឺទាមទារឱ្យមានការពិភាក្សាគ្នាយ៉ាងម៉ត់ចត់ និងចែករំលែកការយល់ដឹងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន។ ដោយសារតែការលេចឡើងនូវសម្ព័ន្ធការពារជាតិនាពេលថ្មីៗនេះ បានបង្កឱ្យមានការកង្វល់ចំពោះការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងលទ្ធភាពនៃការប្រណាំងប្រជែងសព្វាវុធនៅក្នុងតំបន់។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចពិជ័យសេនា ទៀ បាញ់។

កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងសន្ដិសុខត្រីភាគី AUKUS ជាមួយអង់គ្លេស និងអូស្ត្រាលី ដែលជាការចែករំលែកបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។សម្ព័ន្ធភាពត្រីភាគី AUKUS ត្រូវបានគេដឹងថា គឺជាចំណងមេត្រីភាពមួយ ដែលបានបង្កើតឡើងដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕