សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋនាំកូនចៅទៅចាក់វ៉ាក់សាំង និងចាក់ដូសជំរុញឲ្យបានគ្រប់ៗគ្នា


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ នាំកូនចៅទៅចាក់វ៉ាក់សាំង និងចាក់ដូសជំរុញឲ្យបានគ្រប់ៗគ្នា ទៅតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

ការអំពាវនាវយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន២លានដូសបន្ថែមទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ នាំកូនចៅទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងទៅចាក់វ៉ាក់សាំង ដូសជំរុញខ្លួនឯង ទៅតាមការកំណត់របស់អាជ្ញាធរ មានសមត្ថកិច្ច»

លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏ប្រាប់ដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្ដអនុវត្ដនូវរាល់វិធានការសុខាភិបាល ដែលបានដាក់ចេញ និងសូមប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ ៣កុំ»។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសយើង កំពុងបើកដំណើរការឡើងវិញ លើគ្រប់វិស័យជាបណ្ដើរៗ សូមបងប្អូនជនរួមជាតិទាំងអស់ រៀបចំចាត់ចែង និងគ្រប់គ្រងសកម្មភាព សង្គម-សេដ្ឋកិច្ចឡើងវិញ ដោយប្រកាន់នូវគោលការណ៍ «មិនត្រូវហ៊ានពេក និងមិនត្រូវខ្លាចជ្រុលពេក» ដើម្បីលើកស្ទួយជីវភាពខ្លួនឯង ស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច។

សូមជម្រាបថា រហូតមកដល់ពេលនេះ កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជិត៤០លានដូស ក្នុងនោះមិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួល ក្នុងការបញ្ជាទិញ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបចំនួន ៣៦,៨០០,០០០ដូស ដោយក្នុងនោះ កម្ពុជាទទួលបានវ៉ាក់សាំងជំនួយ ៨លាន ៣សែនដូស។

ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេ ក្នុងការផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកដល់ប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០០២១ ខណៈដែលប្រទេសទាំងពីរ ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាសហគមន៍រួមវាសនាតែម្តង ហើយក៏ជាមិត្តដែកថែប។

គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា អាយុចាប់ពី៥ឆ្នាំឡើងទៅ បានចំនួនសរុបជាង១៤លាននាក់ ស្មើនឹងជិត ៨៨ភាគរយនៃប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់៕