គ្រួសាររងផលប៉ះពាល់ដោយកូវីដ-១៩ និងទីទ័លក្រ ចំនួន២១៤គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ បានទទួលអំណោយពីឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មការទី៨នៃរដ្ឋសភា


រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងផ្តល់អំណោយគ្រួសារដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ២១៤គ្រួសារ ដែលមកពី ភូមិទឹកថ្លា អូរអំពិល ប៉ោយប៉ែត តាឡំ និងភូមិឫស្សីក្រោក ស្រុកក្រឡាញ់ ក្រុងសិរីសោភ័ណ និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ពិធីនេះមានការអញ្ជើញអមដំណើរចូលរួមដោយ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកអភិបាលក្រុង ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកមេគុណ ខេត្ត លោកអភិបាលរងក្រុង អាជ្ញាធរដែនដី និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា និងសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ផងដែរ ។

អំណោយខាងលើនេះក្រោមការឧបត្ថម្ភរបស់អង្គការមូស្លិមហេលហ្វិននៃប្រទេសអាល្លឺម៉ង់ តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា។

ឯកឧត្តមក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តការពារជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ និងថែរក្សាសុខភាពឱ្យបានល្អ ដោយរស់នៅ ហូបស្អាត ផឹកស្អាត ហើយនិងសូមបន្តយកចិត្តទុកដាក់បង្ការនូវជំងឺឆ្លងផ្សេងៗ។

អំណោយដែលចែកជូនរួមមាន៖ អង្ករ ៣២១០គីឡូ មី២១៤០កញ្ចប់ អំបិល២១៤គីឡូក្រាម ត្រីខ ៦៤២កំប៉ុង ប្រេងឆា ២១៤ និងទឹកត្រី៨៥៦ដប ។