ចាស់ជរា១១០នាក់ នៅខណ្ឌដូនពេញ ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត


(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលជាជនចាស់ជរា និងមានជីវភាពក្រីក្រ ចំនួន១១០នាក់ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ទទួលបានអំណោយជាភួយ អាវរងា ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ រៀបចំពិធីប្រគល់ជូនពួកគាត់នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។ អំណោយទាំងនោះ រួមមានម្នាក់ៗទទួលបាន ថវិកាចំនួន៥០,០០០រៀល និងឃិតមួយកញ្ចប់ ក្នុងនោះមានភួយ ០១, អាវរងា ០១ និងក្រមា ០១។

តាមរយៈកាយវិការដ៏ល្អប្រពៃនេះ សបញ្ជាក់ឲ្យឃើញថា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានគិតគូយ៉ាងយកចិត្តទុកដាក់បំផុតអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស និងក្នុងក្របខណ្ឌរាជធានីភ្នំពេញ តាមរយៈលោក ឃួង ស្រេង ដែលសម្ដេចទាំងទ្វេរ បានតែងតែរួមសុខរួមទុក្ខជាដរាប។

ជាពិសេសដោយសារការព្យាករអាកាសធាតុឃើញថា សីតុណ្ហភាពចុះត្រជាក់ចាប់ពីពេលនេះ រហូតដល់អំឡុងខែកុម្ភៈ ឆ្នាំ២០២២ ដូច្នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រគល់ដោយផ្ទាល់នូវសម្ភារៈដូចខាងលើមក អភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ជាពិសេសចាស់ជរា ដែលអាចនឹងប៉ះពាល់ដល់សុខភាព ពេលអាកាសធាតុចុះត្រជាក់។

ក្នុងឱកាសនោះ លោក សុខ ពេញវុធ បាននាំនូវប្រសាសន៍សួរសុខទុក្ខ និងផ្ដាំផ្ញើសេចក្ដីនឹករលឹកចំពោះប្រជាពលរដ្ឋ និងអ៊ុពូមីងដែលជាចាស់ជរា ជាបុព្វបុរស នៃក្មេងជំនាន់ក្រោយ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក ឃួង ស្រេង និងលោកស្រី ដែលសូមគោរពជូនពរប្រជាពលរដ្ឋ សូមជួបតែសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ ជាពិសេសចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានសុខាភិបាលផ្សេងៗទៀត ដើម្បីការពារខ្លួនពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ផងដែរ៕