ឯកឧត្តម សុះ មុះសិន និង ឯកឧត្តម វង្សី វិស្សុត បានអញ្ជើញបើកកិច្ចប្រជុំពីវឌ្ឍនភាពការងារ គណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល


ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល បានចូលរួមប្រជុំពីវឌ្ឍនភាពការងារគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល ជាមួយ ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល ក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានក្រុមការងារ បានណែនាំមន្រ្តីគណបក្សប្រជាជនកម្ពុជា ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងបក្សរឹងមាំ និងរួមដៃគ្នា ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ដោយស្មោះត្រង់ ហើយផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អ និងទាន់ពេលវេលា ក៏ដូចជាបន្តជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ ការពារ និង ៣ កុំ ដើម្បីទប់ស្កាត់មិនឱ្យឆ្លងនូវជំងឺកូវីដ-១៩។
កិច្ចប្រជុំក្រុមការងារ ដើម្បីធ្វើការបូកសរុបការងារគណបក្ស និងរៀបចំផែនការងាររួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ ខាងមុខ ។ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារជាច្រើនដែលសម្រេចបានក្នុងពេលកន្លងមក ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ពិសេសការដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាជននៅក្នុងមូលដ្ឋាន និងការធ្វើសកម្មភាពសង្គម និងមនុស្សធម៌ផ្សេងៗ ដូចជាការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ដែលខ្វះខាតជីវភាព និងងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានឃុំទាំង ០៧ ក្នុងស្រុកមុខកំពូល។
អង្គប្រជុំក៏បានធ្វើការពិនិត្យពិភាក្សាលើបញ្ជីផ្គូរផ្គងបេក្ខជនឈរឈ្មោះពេញសិទ្ធិ និងបំរុង សម្រាប់ក្រុមប្រឹក្សាឃុំអាណិត្តិទី៥ ឆ្នាំ២០២២ ស្របតាមការណែនាំរបស់គណៈកម្មាធិការកណ្តាល។
ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត បានផ្តល់ ការណែនាំដល់ក្រុមការងារគណបក្សឃុំគ្រប់ឃុំ ត្រូវបន្តយកចិត្តទុកដាក់លើការរៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសមាជិកបក្សក្នុងប្រព័ន្ធទិន្នន័យកុំព្យួរទ័រ និងខិតខំជំរុញសមាជិកបក្សគ្រប់អាយុ ១៨ឆ្នាំ ឱ្យទៅចុះឈ្មោះបោះឆ្នោត ក៏ដូចជាការពិនិត្យលើសមាជិកថ្មីដែលទើបស្នើសុំចូលគណបក្ស រួចរៀបចំពិធីប្រកាសបញ្ចូលជាសមាជិកបក្ស និងចងក្រងជាក្រុមបក្ស។
ឯកឧត្តម វង្សី វិស្សុត ក៏បានណែនាំឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានឃុំនីមួយៗ ធ្វើការពិនិត្យពិភាក្សាឱ្យបានស៊ីជម្រៅជាមួយគណបក្សនៅថ្នាក់មូលដ្ឋានគ្រប់ថ្នាក់ ដើម្បីធ្វើការស្ទៀបស្ទង់ និងវាយតម្លៃឱ្យបានច្បាស់លាស់ អំពីតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានភូមិនីមួយៗ ដើម្បីអាចរៀបចំគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឱ្យចំទៅនឹងតម្រូវការជាក់ស្តែង និងអាទិភាពខ្ពស់របស់ប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានជាក់ស្តែង ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២-២០២៧។
ឯកឧត្តម វង្សី វិស្សុត ក៏បានណែនាំដល់មន្រ្តីគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំនីមួយៗនៃស្រុកមុខកំពូល សូមបន្តអនុវត្តផែនការសកម្មភាពការងារ សម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ តាមការសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក៏ដូចជាផែនការសកម្មភាពរបស់គណបក្សខេត្តកណ្តាល ផ្អែកតាមស្មារតីនៃកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ នាថ្ងៃនេះ ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា៕