ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមាជិករដ្ឋសភាប្រទេស ហុងគ្រី


ថ្ងៃព្រហស្បតិ៍ទី២២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៤រសៀល ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធាន គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន (គណៈកម្មការទី៣) ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយភរិយា បានដឹកនាំគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា មួយក្រុមទៅចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Istvan Jakab សមាជិករដ្ឋសភា និងជាអនុប្រធាន គណៈកម្មការកសិកម្ម នៅវិមានរដ្ឋសភា ទីក្រុងប៊ូតាប៉េស(Budapest) ប្រទេស ហុងគ្រី (Hungary)។
ឯកឧត្តម Istvan Jakab បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ របស់គណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជាដែលបានមកបំពេញទស្សនកិច្ច នៅប្រទេសហុគ្រីនាពេលនេះ។
ជាដំបូងឯកឧត្តម សូមថ្លែងអំណរគុណដល់ ឯកឧត្តម សមាជិករដ្ឋសភា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។ ដោយមើលឃើញពីការរីកចំរើនលើគ្រប់វិស័យ និយាយដោយឡែកវិស័យកសិកម្ម កសិឧស្សាហកម្ម ដូច្នេះហើយឯកឧត្តមសូមឲ្យឯកឧត្តមមេត្តាជួយផ្តល់អាហារូបករណ៍ ដល់សិស្ស និស្សិត កម្ពុជាបានមកសិក្សារៀនសូត្រនៅក្នុងប្រទេសហុងគ្រី ឲ្យបានច្រើន និងសូមឲ្យភាគីហុងគ្រី ជួយបញ្ជូនអ្នកជំនាញបច្ចេកទេស ទៅជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋកម្ពុជា នឹងសុំអោយជួយជម្រុញអ្នកវិនិយោកទុនពីប្រទេសហុងគ្រីអោយទៅបោះទុនវិនិយោគនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាអោយបានច្រើនដើម្បី ផ្តល់ការងារអោយប្រជាជនបានធ្វើក្នុងន័យចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាយើង នឹងដោយសារតែព្រះរាជាណាចក្រកម្ពុជាយើងសំបូរផ្លែស្វាយដូច្នេះហើយសុំឯកឧត្តម ជួយផ្តល់ឱកាសឱ្យកម្ពុជាបាននាំផ្លែស្វាយចូលមកកាន់ទីផ្សារក្នុងប្រទេសហុងគ្រីផង។ជាការឆ្លើយតប ឯកឧត្តម Istvan Jakab សមាជិករដ្ឋសភា ហុងគ្រី បានឯកភាពតាមសំណើរទាំងអស់ ហើយសន្យាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការជួយដល់កម្ពុជា។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានអញ្ជើញ ឯកឧត្តម Istvan Jakab ទៅធ្វើទ្សនកិច្ចសិក្សាស្វែងយល់នៅប្រទេសកម្ពុជា ជាពិសេសទស្សនាប្រសាទនានានៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម សមាជិករដ្ឋសភា បានសន្យាថានឹងទៅធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅពេលឆាប់ៗនេះ ព្រោះឯកឧត្តម ពិតជាចង់ឃើញដោយផ្ទាល់ភ្នែក នូវប្រាសាទនានានៅកម្ពុជា ជាពិសេសប្រាសាទអង្គរវត្តដ៏ល្បីល្បាញ នៅលើពិភពលោក។
បន្ទាប់មក ភាគីមិត្តបានឱ្យមន្ត្រីក្រោមឱវាទជូនដំណើរគណៈប្រតិភូ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅក្នុងវិមានរដ្ឋសភា នាឱកាសនោះផងដែរ៕
សូមបញ្ជាក់ថាសំណង់អាគារវិមានរដ្ឋសភានេះបានសាងសង់ឡើងកាលពីជាង១២៥ឆ្នាំមុន សមាជិករដ្ឋសភាប្រទេសហុងគ្រីពេលនេះមានចំនួន១៩៩កៅអី អត់មានស្ថាប័នព្រឹទ្ធសភាទេពេលនេះ ។