គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើ សេចក្តីព្រាងរបាយការណ៍វាយតម្លៃ ពាក់កណ្ដាលអាណត្តិ នៃការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥


(ភ្នំពេញ)៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេចអនុម័តទាំងស្រុងហើយលើ «សេចក្តីព្រាងរបាយការណ៍វាយតម្លៃ ពាក់កណ្ដាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥»។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការអនុវត្តគោលនយោបាយខាងលើរយៈពេល៥ឆ្នាំកន្លងមកនេះ ថ្វីត្បិតតែទទួលបានលទ្ធផលល្អមួយចំនួន ប៉ុន្តែលទ្ធផលមួយចំនួនទៀតនៅមានភាពយឺតយ៉ាវ ឬមិនទាន់ស្របនឹងការរំពឹងទុកនៅឡើយ។ រយៈពេល ៥ឆ្នាំបន្ទាប់ពីការដាក់ចេញគោលនយោបាយខាងលើនេះ គឺជាដំណាក់កាលដែលកម្ពុជា បាននិងកំពុងអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងផ្នែកទន់ ដែលមិនទាន់ផ្តល់បច្ច័យភ្លាមៗ ប៉ុន្តែនឹងផ្តល់បច្ច័យដល់ការសម្រេចគោលបំណង សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។

ឯកឧត្តម ផៃ ស៊ីផាន បានបន្តថា ឈរលើលទ្ធផលនៃការវាយតម្លៃខាងលើនេះ និងផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវី៥-១៩ ការកំណត់ទស្សនវិស័យ ឬការប្រមើលមើលទៅថ្ងៃខាងមុខ ព្រមទាំងសំណើអនុសាសន៍គោលនយោបាយជាក់លាក់មួយចំនួនត្រូវបានរៀបចំ និងដាក់បញ្ចូលក្នុងរបាយការណ៍ IDP-MTR ដែលជាឯកសារឆ្លុះបញ្ចាំង មានមូលដ្ឋានរឹងមាំ និង ច្បាស់លាស់សម្រាប់ជូនរាជរដ្ឋាភិបាល និងអង្គពាក់ព័ន្ធ ពិនិត្យពិចារណាក្នុងការកំណត់គោលដៅថ្មី ការតម្រង់ទិសសម្រាប់ការអនុវត្តបន្ត និងការដាក់ចេញនូវវិធានការជាកញ្ចប់ ដើម្បីជំរុញនិងអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឱ្យឆ្លើយតបទៅនឹងការប្រែប្រួលបរិការណ៍ថ្មីៗ សំដៅចូលរួមស្តារនិងពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យល្អប្រសើរឡើងវិញតាម បរិការណ៍ប្រក្រតីភាពថ្មី។

ឯកឧត្តម ផៃ ស៊ីផាន បានឱ្យដឹងទៀតថា របកគំហើញនៃការវាយតម្លៃពាក់កណ្តាលអាណត្តិ បានបង្ហាញឱ្យឃើញពីភាពចាំបាច់ក្នុងការពិនិត្យឡើងវិញ អំពីភាពត្រឹមត្រូវនិងភាពពាក់ព័ន្ធនៃចក្ខុវិស័យ IDP សម្រាប់ការអនុវត្តក្នុងដំណាក់កាលបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល ភូមិសាស្ត្រសេដ្ឋកិច្ច-សង្គម និងនយោបាយ ការប្រែប្រួលអាកាសធាតុ បដិវត្តឧស្សាហកម្មទី៤ និងរបត់នៃការផ្លាស់ប្តូរបច្ចេកវិទ្យា និងឌីជីថល ជាពិសេសក្នុងបរិការណ៍នៃការរស់នៅជាមួយនឹងកូវីដ-១៩ ក្នុងប្រក្រតីភាពថ្មី៕