លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អបអរសាទរចំពោះ លោកជំទាវ ពេជ ចន្ទមុនី្ន ដែលបានជាប់ជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ២០២១-២០២៤


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងសន្និបាតសមាគមកាយឫទ្ធិនារីកម្ពុជា លើកទី១០ ដើម្បីបូកសរុបលទ្ធផលការងារអាណត្តិ២០១៦-២០២១ ទិសដៅបន្តឆ្នាំ២០២១-២០២៤ និងការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិថ្មី នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ។
ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាល លោកជំទាវក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមជាមួយនូវការអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានបំពេញបេសកកម្មដ៏ថ្លៃថ្លា បង្កលក្ខណៈដល់កុមារី និងយុវតីយើង បានប្រើប្រាស់សក្ដានុពល និងសមត្ថភាពរបស់ពួកគេបានពេញលេញ ក្នុងនាមជាពលរដ្ឋល្អ មានការទទួលខុសត្រូវចំពោះខ្លួនឯង ចំពោះសង្គម ប្រទេសជាតិ និងពិភពលោក ហើយស្របតាមគោលនយោបាយអភិវឌ្ឍន៍ស្ដ្រីកម្ពុជារបស់រាជរដ្ឋាភិបាល។
លោកជំទាវក៏បានកោតសសើរ ចំពោះជោគជ័យរបស់សមាគមកាយឫទ្ធិកម្ពុជា ដែលសម្រេចបាន និងសូមកោតសរសើរ អរគុណដោយស្មោះចំពោះ ៖
– គណៈកម្មាធិការដំបូង ដឹកនាំដោយលោកស្រី លាង ម៉េងហូ ជា ស្ថាបនិក និងជាអគ្គស្នងការ ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៧
– គណៈកម្មាធិការ ដឹកនាំដោយលោកជំទាវឧកញ៉ា តាន់ ផលី្ល ជាអគ្គស្នងការ និងជាសហស្ថាបនិក ពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០១៦ ហើយបានដឹកនាំសមាគម ចូលជាសមាជិកពេញសិទ្ធិរបស់កាយឫទ្ធិនារីពិភពលោក
– គណៈកម្មាធិការ ដឹកនាំដោយលោកជំទាវ ស៊ិន សិរី ជាអគ្គស្នងការ ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២១
ដោយឡែកសម្រាប់អាណត្តិឆ្នាំ២០២១-២០២៤ យើងទទួលបានដោយជោគជ័យមួយទៀតចេញពីការបោះឆ្នោតរបស់សមាជិកាកាយឫទ្ធិនារីកម្ពុជា ដោយបានជ្រើសរើសគណៈកម្មាធិការថ្មី ចំនួន១៦រូប ដែលដឹកនាំដោយ លោកជំទាវ ពេជ ចន្ទមុនី្ន ជាអគ្គស្នងការ ។
លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មាធិការថ្មីដែលទទួលបានភារៈកិច្ចដ៏ថ្លៃថ្លានេះ ពិតជាអាចរក្សាភាពគង់វង្សនៃការរីកចំរើន និងជំរុញការកសាងសមត្ថភាពរបស់កុមារី យុវតី និងស្ដ្រី ឱ្យចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ និងលើកតម្កើងតម្លៃស្រ្តី និងភាពថ្លៃថ្នូរនៃប្រពៃណីខ្មែរយើង។ ការលើកកំពស់សមត្ថភាពកុមារី យុវតី និងស្រ្ដីវ័យក្មេង ឲ្យក្លាយទៅជាស្ដ្រីរឹងមាំ ដែលមានតួនាទី និងឋានៈនៅក្នុងសង្គម តាមរយៈការកសាងសមត្ថភាពរបស់ខ្លួន ជាគន្លឹះដ៏សំខាន់ សំរាប់ផ្ដល់ឱកាសដល់ស្ដ្រី ឲ្យចូលរួមដោយពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ និងការលើកស្ទួយស្ថានភាពស្រ្តី៕