លោកជំទាវម៉ែន សំអនអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងកិច្ចការនារីប្រកបដោយភាពរលូន


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូកសរុបលទ្ធផលការងារកិច្ចការនារីឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកិច្ចការនារីនៅ ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សណ្ឋាគារភ្នំពេញ ។
លោកជំទាវកិត្តិសង្គហបណ្ឌតិ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ក្រោមការដឹកនាំរបស់ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី ថ្នាក់ដឹកនាំនិងមន្ត្រីទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន តាមរយៈ ការងារបញ្ជ្រាប យេនឌ័រតាមវិស័យ និងការតាក់តែងគោលនយោបាយ, ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី, កិច្ចការពារផ្លូវច្បាប់ដល់ស្រ្តីនិងក្មេងស្រី ភាពជាអ្នកដឹកនាំរបស់ស្រ្តី ក្នុងវិស័យសាធារណៈ និងនយោបាយ, ការងារអប់រំ ផ្សព្វផ្សាយនិងបង្កើនការយល់ដឹងជាសាធារណៈ, ការអភិវឌ្ឍធនធានមនុស្សនិងប្រសិទ្ធភាពស្ថាប័ន និងកិច្ចសហការអន្តរជាតិ និងជាមួយដៃគូពាក់ព័ន្ធ សំដៅលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី ក៏ដូចជា ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជួយជនរងគ្រោះឱ្យទទួលបានភាពយុត្តិធម៌ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវការអបអរសាទរចំពោះការបញ្ចប់ព្រឹត្តិការណ៍ថ្ងៃទី២០ កុម្ភៈ នៃការរីករាយដាលជម្ងឺកូវីដ១៩ នៅកម្ពុជា ដែលនេះសបញ្ចាក់ពីការគិតគូខ្ពស់ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានធានាបាននូវសុខសុវត្ថិភាព សុខភាពជូនប្រជាជនទូទាំងប្រទេសដោយការទទួលការចាក់វាក់សាំងតាំងពីដូសទី១រហូតដួសជម្រុញដល់មនុស្សគ្រប់វ័យ ។
ទន្ទឹងនឹងការបើកប្រទេសវិញនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិតបានក្រើនរំលឹកជាថ្មីដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នអនុវត្តន៍តាមវិធានសុខាភិបាល ៣កុំ៣ការពារ ឲ្យបានគ្រប់ពេលវេលា ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នូវទម្រង់ថ្មីគ្រប់ប្រភេទ ទើបយើងអាចទទួលនូវសុខដុមរមនា និងការអភិវឌ្ឍន៍លើគ្រប់វិស័យបន្តទៀត៕