លោកជំទាឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ផ្ញើសាររំលែកទុក្ខជូនឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងលោកជំទាវ គឹង ចាន់ឌី ចំពោះមរណភាពរបស់មហាឧបាសក ផឹង គឹង


(ភ្នំពេញ)៖ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងលោកជំទាវ គឹង ចាន់ឌី ចំពោះមរណភាពរបស់មហាឧបាសក ផឹង គឹង ដែលត្រូវជាឪពុកក្មេករបស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម។

លោកឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង ត្រូវជាឪពុករបស់ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាពនៅវេលាម៉ោង១៖៤៥ រំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រីសូមសម្តែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ព្រោះការបាត់បង់មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង គឺជាការបាត់បង់នូវលោកឪពុក ជីតា ជីតាទួត ដែលប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃ ចំពោះកូនចៅជាទីស្រឡាញ់របស់លោក កន្លងមកមហាឧបាសកពុទ្ធសាសនូបត្ថម្ភ តែងតែរួមចំណែកលើកកម្ពស់ ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា យ៉ាងច្រើនពុំអាចបំភ្លេចបាន។

លោកស្រីសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕