សិក្ខាកាមកាត់ដេរ ១២០នាក់ បានទទួលវិញ្ញាបនបត្រនិងសិក្ខាកាមឆ្នើម ២០នាក់បានទទួលម៉ាសុីន ដេរ២០គ្រឿង ពី ឯកឧត្តមបណ្ឌិត សុះ មុះសិន


នៅរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ គណៈអុីមាំខេត្ត និងសហការី និងអាជ្ញាធរស្រុក និងអាជ្ញាធរ ភូមិឃុំ ក្នុងមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមនារីចំនួន ១២០នាក់ ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញកាត់ដេរ និងប្រគល់ម៉ាសុីនដេរចំនួន ២០គ្រឿង ដល់សិក្ខាកាមឆ្នើម ស្ថិតនៅទីតាំងភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា ៖ ប្រទេសក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ មានអ្នកវិនិយោគ ជាតិនិងអន្តរជាតិបានមកបណ្តាក់ទុនយ៉ាងសន្ធឹកសន្ធាប់ក្នុងរយៈពេលចុងក្រោយនេះ ធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិត្រូវ បានលើកកម្ពស់ ជាពិសេសជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងនៅទីប្រជុំជន និង ជនបទដាច់ស្រយាលក៏មាន លក្ខណៈល្អប្រសើរ ព្រោះកូនចៅដែលនៅក្នុងបន្ទុកទទួលបានការសិក្សាបានខ្ពង់ខ្ពស់និងមានការងារធ្វើសមរម្យ មិន តែប៉ុណ្ណោះ មួយចំនួនទៀតធ្វើការនៅក្នុងក្របខណ្ឌរដ្ឋ ដែលអាចជួយការងារសង្គមបានយ៉ាងច្រើន ។ចំណែកសាសនា នានា មានការីកចំរើន អាចរួមរស់នៅជាមួយគ្នាក្រោមរដ្ឋធម្មនុញ្ញតែមួយ ក្នុងនោះក៏មានសាសនា ឥស្លាមផងដែរ ។
ឯកឧត្តមបណ្ឌិត សមាជិករដ្ឋសភា បានឲ្យដឹងថា ៖ វគ្គកាត់ដេរនេះ បានបើកឲ្យដំណើរការរយៈពេល ១១ឆ្នាំ រួចមកហើយ គឺចាប់តាំងពីឆ្នាំ២០០៨ មកម៉្លេះ ដោយមានការឧបត្ថម្ភពីអង្គការ មុស្លិមហែលហ្វិន (Muslim Helfen) នៃប្រទេសអាល្លឺម៉ង់ផ្តល់តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជាហៅកាត់ថា កាំសា (CAMSA) ហើយក្នុងនោះការបណ្តុះបណ្តាលលើជំនាញកាត់ដេរមានទីតាំងខុសៗគ្នាតាមវគ្គបណ្ដុះបណ្ដាលនីមួយៗ ដូចជានៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ សរុបសិក្ខាកាមទាំង ១២វគ្គដែលសមាគមបានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកាត់ដេរ មានចំនួន ១៤៤០នាក់ និងបានផ្ដល់ម៉ាស៊ីនដេរជូនសិស្សពូកែចំនួន ១៦៧គ្រឿង ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ៖ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរ គឺក្នុងមួយឆ្នាំទទួលសិក្ខាកាម ១២០នាក់ ដែលចែកចេញជា ២វគ្គ ក្នុងមួយវគ្គមាន ៦ខែ និងមានសិក្ខាកាម ៦០នាក់ ។វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដល់ជូនសិក្ខាកាមជានារី សិក្សាដោយឥតគិតថ្លៃ ដែលជាជំនួយរបស់អង្គការ មុស្លិមហេលហ្វិន នៃប្រទេសអាល្លឺម៉ង់ ក្នុងការចំណាយប្រាក់ខែគ្រូបង្រៀន អ្នកសម្របសម្រួល រដ្ឋបាល សម្ភារៈកាត់ដេរ និងការចំណាយផ្សេងៗ រយៈពេល ១ឆ្នាំពេល ។សរុបថវិកាទាំង ១២វគ្គ ប្រមាណ ១៩ម៉ឺន ៣ពាន់ ៩៨០អឺរ៉ូ ស្ថិតនៅទីតាំងភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
គោលបំណង នៃវគ្គសិក្សា គឺដើម្បីជួយសម្រាលបន្ទុក ក្នុងការចំណាយរបស់មាតាបិតា កាត់បន្ថយពេលវេលា និងផ្ដល់ភាពងាយស្រួលដល់សិស្សនារី ព្រោះវគ្គសិក្សានីមួយៗ ត្រូវបានបង្ខិតឲ្យមកជិតក្នុងមូលដ្ឋានផ្ទាល់ជាមួយសិស្សជានារី ។វគ្គសិក្សានេះ ក៏បានជួយលើកកម្ពស់នារី ឲ្យចេះដេរប៉ាក់ ដេរសម្លៀកបំពាក់សម្រាប់គ្រួសារ អាចក្លាយទៅជាជាងកាត់ដេរ បើកហាងកាត់ដេរ ដែលអាចរកប្រាក់ចំណូលបន្ថែមជូនគ្រួសារ ទោះបីស្ថិតក្នុងកាលៈទេសៈសកលភាវូបនីយកម្មទំនើប បែបណាក៏ដោយ ក៏នៅតែត្រូវការជំនាញនេះជាចាំបាច់ផងដែរ ។
ឯកឧត្តម បានណែនាំដល់សិក្ខាកាមទាំងអស់ ដែលបានបញ្ចប់វគ្គសិក្សាជំនាញកាត់ដេរ ត្រូវយកចំណេះដឹង នឹងជំនាញពិត ទៅប្រកបអាជីវកម្មឲ្យទទួលបានជោគជ័យ ហើយយើងក៏អាចជួយសម្រាលបន្ទុកក្នុងគ្រួសារបានមួយកម្រិត ក្នុងការទាញយកប្រាក់ចំណូលចិញ្ចឹមគ្រួសារបានចំពោះ ការងារកាត់ដេរ សម្លៀកបំពាក់ គឺជាការងារមួយក្នុងចំណោមការងារដ៏ច្រើននៅកម្ពុជាយើង គឺមានការប្រកួតប្រជែងទាំងគុណភាព និងការរចនាម៉ូតសម្លៀកបំពាក់ព្រោះកម្ពុជាបានកាន់របបទីផ្សារសេរី ដូចនេះគឺតែងតែមានការប្រជែងគ្នាក្នុងការប្រកបអាជីវកម្ម ក៏ដូចជារួមចំណែកជាមួយរដ្ឋភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបានជាង ១% ក្នុងមួយឆ្នាំៗស្របទៅតាមគោលនយោបាយយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ ក្នុងអណ្ដតិទី៦ នេះផងដែរ ។