ឯកឧត្តម សាយ សំអាល់ បើកវេទិកាសាធារណៈស្តាប់កង្វល់របស់ប្រជាពលរដ្ឋស្រុកអូរាំងឪ


ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូរាំងឪ នៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ បានបើកវេទិកាសាធារណៈដើម្បីស្តាប់កង្វល់របស់បងប្អូនប្រជាពលរដ្ឋចំនួន១២០នាក់ ដែលជាម្ចាស់រថយន្តតាក់ស៊ី ម្ចាស់រថយន្តដឹកជញ្ជូនធន់ធ្ងន់ និងអាជីវករប្រកបរបរពាក់ព័ន្ធការដឹកជញ្ជូន។
ក្នុងវេទិកានេះ បងប្អូនបានលើកឡើងពីកង្វល់ ការលំបាក និងឧបសគ្គនានាពាក់ព័ន្ធនឹងសេវាដឹកជញ្ជូនដែលជាមុខរបររកទទួលទានប្រចាំថ្ងៃ ដោយបានសំណូមពរឱ្យឯកឧត្តមរដ្ឋមន្ត្រី ពាំនាំកង្វល់ទាំងនោះជូនរាជរដ្ឋាភិបាលពិនិត្យ និងដោះស្រាយ ឆ្លើយតបទៅនឹងបញ្ហាប្រឈមចំពោះមុខ ក៏ដូចជាតម្រូវការជាក់ស្តែងរបស់បងប្អូន សំដៅរួមចំណែកសម្រួលដល់ការប្រកបមុខរបររបស់ពួកគាត់។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានសំដែងនូវការយកចិត្តទុកដាក់ក្នុងការដោះស្រាយចំពោះបញ្ហាដែលបងប្អូនបានលើកឡើង ដើម្បីធានាឱ្យបាននូវការរស់នៅដោយសុខដុមរមនាក្នុងមូលដ្ឋាន៕