ព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំលើកទី៨ នីតិកាលទី៤


(ភ្នំពេញ)៖ ព្រឹទ្ធសភា បានចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដោយមានសមាជិកព្រឹទ្ធសភា មានវត្តមានចំនួន ៥៨រូប។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបញ្ជាក់ឱ្យដឹងទៀតថា អង្គប្រជុំនេះ បានអនុម័តលើរបៀបវារៈចំនួន០៦ក្នុងនោះមាន៖

ទី១៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីសកម្មភាពនិងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ ព្រឹទ្ធសភានីតិកាលទី៤។

ទី២៖ ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ ជំនួសលោកស្រី ឱ សុខុម ដែលបានទទួលមរណភាព។

ទី៣៖ ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ព្រឹទ្ធសភានីតិកាលទី៤។

ទី៤៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម។

ទី៥៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធាន ពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។

និងទី៦៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖