អភិបាលខេត្តកណ្តាល បើកការដ្ឋានស្ថាបនាលូបេតុង កំណាត់ផ្លូវជាតិលេខ២១ និង កំណាត់ផ្លូវលេខ២១០ ក្នុងក្រុងតាខ្មៅ


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាប្រព័ន្ធលូបេតុង និង រ៉ឺហ្គា លើកំណាត់ផ្លូវជាតិលេខ២១ និងកំណាត់ផ្លូវលេខ២១០ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែល ឧបត្ថម្ភសាងសង់ដោយក្រុមហ៊ុន បុរីភ្នំពេញថ្មី ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ថ្ងៃនេះមិនមែនជាលើកទី១ទេ ដែលក្រុងតាខ្មៅមានការអភិវឌ្ឍ ប្រទេសជាតិមានការរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយមិនប្រកាន់ជាតិសាសន៍ ឬសាសនាឡើយ គឺរស់នៅក្រោមដំបូលតែមួយ ហេតុនេះបានជាគ្រប់ជាតិសាសន៍ និងសាសនាទាំងអស់រស់នៅជាមួយគ្នា យ៉ាងសុខដុមរមនា ។ សមិទ្ធផលដែលកើតឡើងនៅក្នុងសម័យតេជោ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ស្ពាន លូបង្ហូរទឹក សំណង់សាធារណៈផ្សេងៗទៀត មានការរីកលូតលាស់ឡើង ដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ទើបធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃ។

ឯកឧត្តម អភិបាលខេត្តបានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី ដែលបានឆ្លើយតបនឹងការអំពាវនាវរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមស្ថាបនាលូបេតុងសរសៃដែកដែលមានមុខកាត់លូទំហំ១,៥ម៉ែត្រ ប្រវែង ៧៦២ម៉ែត្រ ដាក់រ៉ឺហ្គាទំហំ ៣ម៉ែត្រ គុណ ៣ម៉ែត្រ ចំនួន ៣៤កន្លែង តាមបណ្តោយផ្លូវជាតិលេខ២១នេះ ។ ស្ថាបនាលូបេតុងសរសៃដែក ដែលមានមុខកាត់លូទំហំ ១ម៉ែត្រ ប្រវែង ២៣២ម៉ែត្រ និងរ៉ឺហ្គា ទំហំ ១,៨ ម៉ែត្រ គុណ ១,៨ ម៉ែត្រ ចំនួន១៤កន្លែង តាមបណ្តោយផ្លូវជាតិលេខ២១០ ។ ដោយចំណាយថវិកាអស់ប្រមាណ ២ ០០០លានរៀល ឬស្មើនឹង៦០ម៉ឺនដុល្លារអាម៉េរិក ដែលនេះជាកាយវិការដ៏ល្អប្រពៃ និងជាគំរូដ៏ល្អ ដែលបានដាក់ទុនវិនិយោគក្នុងភូមិសាស្រ្តខេត្តកណ្តាល និងបានចូលរួមអភិវឌ្ឍន៍ក្នុងវិស័យសាធារណការ សំណង់សិល្បការ ដើម្បីទុកបម្រើជាប្រយោជន៍សាធារណៈ ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ត្រូវផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត បង្រ្កាបបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ផ្សេងៗ។

ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់អធ្យា ស្រ័យ ចំពោះផលប៉ះពាល់ នៅពេលការដ្ឋានដំណើរការ និងសូមចូលរួមសហការជាមួយមន្ត្រីបច្ចេកទេស ដើម្បីឱ្យការដ្ឋាននេះដំណើរការប្រកបដោយជោគជ័យ ៕