អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តដឹកនាំមន្រ្តីរាជការ និងកងកម្លាំងជាច្រើននាក់ ចូលរួមដាំដើមឈើនៅតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប


(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយដោយឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបបាលខេត្ត បានដឹកនាំមន្រ្តីរាជការ កងកម្លាំងអាវុធហត្ថ យោធា និងនគរបាលជាច្រើននាក់ ចូលរួមដាំដើមឈើឡើងវិញនៅតំបន់៣ ផ្ទៃដីជាប់បឹងទន្លេសាប ក្នុងភូមិសាស្ត្រភូមិក្របៅចាស់ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

ក្នុងការចុះដាំកូនឈើនោះ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងថា ការដាំកូនឈើឡើងវិញនេះ គឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នា ក្នុងការចូលរួមទប់ស្កាត់ ការកាប់ទន្ទ្រានខុសច្បាប់ ដីតំបន់៣ដីព្រៃលិចទឹកបឹងទន្លេសាប ហើយយើងមិនមែនដាំតែពេលនេះទេ ក្នុងស្រុក២ដែលរងការកាប់ទន្រ្ទានខុសច្បាប់ ពីសំណាក់ជនខិលខូច គឺព្រះនេត្រព្រះ ស្រុកមង្គលបូរី នឹងបន្តដាំបន្ថែមទៀត ទាំងក្រុមការងារខេត្តទទួលបន្ទុកស្រុក និងអាជ្ញាស្រុក។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ការដាំកូនឈើឡើងវិញ ហើយមន្ត្រីអាជ្ញាធរមូលដ្ឋាន ត្រូវចុះមើលថែទាំកូនឈើ ដែលបានដាំរួចជារៀងរាលខែ ដើម្បីបញ្ជាក់ថា កូនឈើដែលដាំរួចមិនងាប់។

ឯកឧត្តមបានធ្វើការសរសើរដល់មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់ថ្នាក់ យុវជន ទាំងអស់ចូលរួមដាំកូនឈើយ៉ាងសស្រាក់សស្រាំ ដោយមិនខ្លាចពីការនឿយហត់ រួមចំណែកការពារធនធានធម្មជាតិ ព្រៃលិចទឹកតំបន់៣បឹងទន្លេសាប ដើម្បីការពារពូជពង្សមច្ឆជាតិ តាមអនុសាសន៍ណែនាំសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

នៅព្រឹកថ្ងៃដដែលនេះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន៤៥នាក់ ចុះយុទ្ធនាការដាំកូនឈើនៅក្នុងតំបន់៣ ព្រៃលិចទឹកជាប់បឹងទន្លេសាបផងដែរ។

សូមបញ្ជាក់ថា ការចូលរួមចុះដាំកូនឈើក្នុងភូមិសាស្រ្តព្រៃលិចទឹកដែលជាដែនជម្រកត្រីពងនេះចំនួន៦លើកមកហើយ កូនឈើដែលត្រូវដាំរួមមានកូនឬស្សី កូនរាំងទឹក និងកូនត្នោត។ល៕