សម្តេចចៅហ្វាវាំង គង់ សំអុល និងសហការីនៃកាកបាទក្រហមកម្ពុជា សូមគោរពអបអរសាទរ និងជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២


(ភ្នំពេញ)៖ នៅថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គា គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្តេចតេជោ ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ពីមូលនិធិពានរង្វាន់ស៊ុនហាក់ ឆ្នាំ២០២២។

ក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែល សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ពីមូលនិធិពានរង្វាន់ស៊ុនហាក់ ឆ្នាំ២០២២ ដែលនឹងត្រូវប្រគល់ជូននៅថ្ងៃទី១២ ខែកុម្ភៈ ខាងមុខនេះ ខ្ញុំបាទ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមគោរព សម្ដែងនូវក្តីសោមនស្សរីករាយឥតឧបមា និងសូមចូលរួមអបអរសាទរដោយក្តីមោទកភាព ជាទីបំផុតចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី។

ពានរង្វាន់ សន្តិភាពស៊ុនហាក់ ដែល សម្ដេចតេជោ ទទួលបាននេះ គឺជាសក្ខីភាពជាក់ស្ដែង នៃកាទទួលស្គាល់ពីស្ថាប័នអន្តរជាតិ នូវការដឹកនាំរបស់ សម្ដេចតេជោ ក្នុងការកសាងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀត សម្ដេចតេជោ បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ រួមទាំងការអំពាវនាវយ៉ាងក្លៀវក្លាឱ្យបង្កើតសហភាពប៉ាស៊ីហ្វិក ដែលជាការរួមចំណែកយ៉ាងធំធេងដល់ការកសាង និងការអភិវឌ្ឍមនុស្សជាតិលើភពដែនដីនេះ។

ក្នុងឱកាសដ៏មហាប្រសើរឧត្តុង្គឧត្តមនេះ ខ្ញុំបាទ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សា ទឹកដីព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរជ័យជូន សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរអាយុយឺនយូរ និងសម្រេចបានជោគជ័យ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាសម្បូរសប្បាយ រុងរឿងតរៀងទៅ»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចចៅហ្វាំង គង់ សំអុល គោរពផ្ញើជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី៖