អាជ្ញាធរជាតិអប្សរា កំណាយស្រាវជ្រាវសិក្សារចនាសម្ពន្ធគ្រឹះប្រាសាទព្រហ្មកិល


(សៀមរាប)៖ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានធ្វើកំណាយសិក្សាស្រាវជ្រាវពីរចនាសម្ពន្ធគ្រឹះប្រាសាទព្រហ្មកិល មុននឹងឈានដល់ការជួសជុល លើកតម្លៃប្រាសាទនេះឡើងវិញ។

ប្រាសាទព្រហ្មកិល ជាហោសម្រាប់មនុស្សបន់ស្រន់នៅក្នុងមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វ.ទី១២ នៃ គ.ស.។

លោក ភឹង តារា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការកំណាយស្រាវជ្រាវនេះដើម្បីសិក្សាពីគ្រឹះរចនាសម្ពន្ធរបស់ប្រាសាទព្រហ្មកិលទាំងមូល។ ក្នុងកិច្ចការធ្វើកំណាយនេះ ក្រុមការងារបានកំណាយចំនួនបីរណ្តៅផ្សេងគ្នា ដោយរណ្តៅទី១ កំណាយសិក្សាស្រាវជ្រាវរចនាសម្ពន្ធខ្លោងទ្វារទី១ចូលប្រាសាទ ទាក់ទងនឹងស្រះទឹកស្ថិតនៅទិសឦសាន ហើយណ្តៅទី២ កំណាយសិក្សាស្រាវជ្រាវរចនាសម្ពន្ធបណ្ណាល័យ ទាក់ទងជាមួយនឹងកំពែងទី១របស់ប្រាសាទ ចំណែករណ្តៅទី៣ កំណាយស្រាវជ្រាវគ្រឹះតួប៉មប្រាសាទ។

បុរាណវិទូរូបនេះបន្តទៀតថា កំណាយស្រាវជ្រាវគ្រឹះប្រាសាទព្រហ្មកិលនេះបង្ហាញថា គ្រឹះខ្លោងទ្វារទី១ និងគ្រឹះកំពែងទី១ រួមនឹងគ្រឹះអាគារបណ្ណាល័យផងគឺនៅល្អ ចំណែកគ្រឹះតួប៉មប្រាសាទហាក់ដូចជាស្រុត (ខ្សោយ) ហេតុដូចនេះហើយ ដែលធ្វើឱ្យផ្នែកតួប៉មនៅទិសនិរតីរលំ។

សូមបញ្ជាក់ថា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានធ្វើកំណាយស្រាវជ្រាវនៅប្រាសាទព្រហ្មកិល ចាប់តាំងពីខែតុលា ឆ្នាំ២០២១ ដែលគ្រោងនឹងបញ្ចប់នៅក្នុងដើមខែកុម្ភៈ ឆ្នាំ២០២២នេះ៕