ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៖ គណបក្សប្រជាជនកម្ពុជា និងក្រុមការងារគ្រប់ជាន់ថ្នាក់ បានអភិវឌ្ឍ និងកសាងកេរ្ត៍តំណែលដ៏ល្អជូនគណបក្ស និងយុវជនជំនាន់ក្រោយ


(បន្ទាយមានជ័យ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងថា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងក្រុមការងារគ្រប់ជាន់ថ្នាក់ បានអភិវឌ្ឍ និងកសាងបាននូវកេរ្ត៍តំណែលដ៏ល្អជូនគណបក្ស និងយុវជនជំនាន់ក្រោយនៅក្នុងមូលដ្ឋាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលមានអ្នកចូលរួមជាក្រុមកាងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន នៅខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលជាសមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យផងនោះ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្តេចពិជ័យសេនា ទៀបាញ់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជាជូនសមាជិក សមាជិកាគណបក្ស បងប្អូនជនរួមជាតិក្នុងខេត្តបន្ទាយមានជ័យទាំងអស់ដែលបានអភិវឌ្ឍ និងកសាងបាននូវកេរ្ត៍តំណែលដ៏ល្អជូនគណបក្ស និងយុវជនជំនាន់ក្រោយនៅក្នុងមូលដ្ឋាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំគ្រប់សាសនា វិស័យឯកជន និងប្រជាពលរដ្ឋ ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់អនុវត្តតាមការអំពាវនាវ និងណែនាំរបស់រាជរដ្ឋាភិបាល ក្នុងខណៈដែលពិភពលោក ក៏ដូចកម្ពុជាបាននឹងកំពុងប្រឈមនិងគំរាមកំហែងពីជំងឺកូវីដ-១៩ និងបានរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចការពង្រឹង ខឿនការពារជាតិ ឯករាជ្យ ការពារអធិបតេយ្យភាព បូរណភាព ដែលគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅល្អកាន់តែប្រសើររបស់ប្រជាជន។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានស្នើឱ្យសមាជិក សមាជិកា ទាំងអស់ត្រូវបន្តកសាងខឿនការពារជាតិ បន្តអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ ស្មោះត្រង់ការងារនិងមានក្រមសីលធម៌ វិជ្ជាជីវៈ បន្តអភិវឌ្ឍធនធាន មនុស្ស ទឹក ភ្លើង និងផ្លូវ ពង្រឹង ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្សឱ្យបានរឹងមាំ បន្តអនុវត្តន៍និងចលនាប្រជាពលរដ្ឋ ឱ្យយកចិត្តដាក់ពីសុខភាព ប្រឆាំងរោគរាតត្បាត បន្តជំរុញឱ្យប្រជាពលរដ្ឋបង្កបង្កើនផលកសិកម្ម ផលិតកម្ម សេវាកម្ម និងឧស្សាហកម្ម បន្តខិតខំស្តារហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋានដែលខូចខាត ដើម្បីគាំទ្រដល់ប្រព័ន្ធធារាសាស្រ្ត និងការដឹកជញ្ជូនកសិផលប្រជាពលរដ្ឋ និងលើកផែនការប្រុងប្រៀបរៀបជើងការបង្ការរដូវក្តៅនៅពេលខាងមុខជាដើម។

ជាមួយគ្នានេះដែរ ក្នុងវប្បធម៌ចែករំលែក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានផ្តល់អំណោយជាថវិកាដល់សមាជិក សមាជិកាមកពីឃុំ/សង្កាត់ទាំង៦៧ មានចំនួនសរុប៥៤៦ នាក់ ក្នុងម្នាក់ៗថវិកាចំនួន ៥ម៉ឺនរៀល។

សូមបញ្ជាក់ថា តាមការកំណត់ចំនួនឃុំ សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ សរុបរួមមាន ១.៦៥២ ឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាមានចំនួន ១១.៦២២ក្រុមប្រឹក្សា ដែលក្នុងនោះ ខេត្តបន្ទាយមានជ័យ មានចំនួនឃុំ សង្កាត់មានចំនួន៦៧ និងចំនួនសមាជិកក្រុមប្រឹក្សាមាន ៥៣៣នាក់៕