ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន៖ ចូលឆ្នាំចិន៣ថ្ងៃ មានភ្ញៀវចេញដើរកម្សាន្តជិត១លាននាក់


(ភ្នំពេញ)៖ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តប្រមាណជិត១លាននាក់។ នេះបើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីស្ថានភាពភ្ញៀវទេសចរដើរកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំប្រជាជនចិនរយៈពេល៣ថ្ងៃ (០១-០៣ ខែកុម្ភៈ ២០២២) ដូចខាងក្រោម៖

ភ្ញៀវសរុបមានចំនួនប្រមាណ ៩៤៧,៤៩៧ នាក់ ក្នុងនោះភ្ញៀវជាតិប្រមាណ ៩៣១,៣០៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ១៦,១៨៩ នាក់ក្នុងចំនួនសរុបខាងលើ ចំនួនភ្ញៀវតាមថ្ងៃនីមួយៗ រួមមាន៖

* ថ្ងៃទី១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ៖ ភ្ញៀវប្រមាណ ៣៣៣,៧០៩ នាក់។

* ថ្ងៃទី២ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ៖ ភ្ញៀវប្រមាណ ៣៥៣,២១៦ នាក់។

* ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ៖ ភ្ញៀវប្រមាណ ៣០៧,៤២១ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រយៈពេល៣ថ្ងៃនេះ រួមមាន៖
* រាជធានីភ្នំពេញ ២៥៨,០៦៩ នាក់
* ខេត្តបាត់ដំបង ១៩៣,៥៦៧ នាក់
* ខេត្តព្រះសីហនុ ៩៧,៥៤២ នាក់
* ខេត្តកំពត ៦៦,៥៣៤ នាក់
* ខេត្តសៀមរាប ៥៨,៩៥៣ នាក់
* ខេត្តកែប ៥៥,២៥១ នាក់
* ខេត្តកណ្តាល ៥២,៣៩៤ នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា បើទោះបីពុំមានថ្ងៃឈប់សម្រាកផ្លូវការ ប៉ុន្តែចរន្តភ្ញៀវទេសចរនាកំឡុង៣ថ្ងៃនេះ មានសភាពផុលផុសនៅគ្រប់គោលដៅទេសចណ៍សំខាន់ៗទូទាំងប្រទេស។ ជាក់ស្តែង តួលេខខាងលើមានការកើនឡើងប្រមាណ ៦.១៥% ធៀបនឹងរយៈពេលដូចគ្នានៃពិធីចូលឆ្នាំចិនកាលពីឆ្នាំ២០២១។

ស្ថានភាពចរាចរណ៍នៅរាជធានីភ្នំពេញមិនសូវមមាញឹក និងកកកុញទេរយៈពេល៣ថ្ងៃនេះ ដោយប្រជាពលរដ្ឋ ពិសេសអ្នកដែលជាប់ខ្សែស្រឡាយចិន-វៀតណាមបានផ្អាកសកម្មភាពលក់ដូរ អាជីវកម្ម ដើម្បីជួបជុំគ្រួសារ និងធ្វើដំណើរកម្សាន្តតាមគោលដៅទេសចរណ៍នានា។

វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋនៅមូលដ្ឋានមានក្តីរីករាយជាមួយចរន្តភ្ញៀវទេសចរដ៏ច្រើននេះ ខណៈដែលចរន្តភ្ញៀវទេសចរនឹងបន្តមានសន្ទុះខ្លាំងរហូតដល់ចុងសប្តាហ៍ ស្របពេលដែលចរន្តសេដ្ឋកិច្ចដែលមកពីការទិញរបស់របរ និងម្ហូបអាហារសម្រាប់សែនព្រេននាឱកាសចូលឆ្នាំនេះ ក៏បានចាក់បញ្ចូលដោយផ្ទាល់ និងប្រយោលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន។

ដោយឡែក សម្រាប់រយៈពេល៣ថ្ងៃនេះ មិនមានបញ្ហាធំដុំណាមួយកើតឡើងនោះទេ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានខិតខំក្នុងការថែរក្សាសណ្តាប់ធា្នប់ សន្តិសុខ សុវត្ថិភាព សម្រួលចរាចរណ៍ ដើម្បីឲ្យដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទទួលបាននូវភាពរីករាយ។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានខិតខំក្នុងការចុះផ្សព្វផ្សាយ អប់រំ ណែនាំ និងជំរុញការអនុវត្តវិធានការ ៣កុំ និង ៣ការពារ និងការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ក្នុងការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩៕