រាជរដ្ឋាភិបាលផ្ដល់ថវិកាប្រមាណ១៧លានដុល្លារ ជូនស្រ្តីមានផ្ទៃពោះ កុមារប្រមាណ២៥ម៉ឺននាក់ និងគ្រួសារក្រីក្រប្រមាណ៧០ម៉ឺនគ្រួសារ


(ភ្នំពេញ)៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងឧបត្ថម្ភថវិកាជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្រីក្រ និងគ្រួសារក្រីក្រប្រមាណ៧០ម៉ឺនគ្រួសារ។ នេះជាការបញ្ជាក់របស់ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវីនីតិសម្បទា ក្នុងឱកាសសន្និបាទបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅឆ្នាំ២០២២។

ក្នុងបរិបទ នៃការរាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាល ដោយមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវីនីតិសម្បទា ជាសេនាធិការ បាននិងកំពុងបន្តផ្ដល់ថវិកាជួយដល់ជនងាយគ្រោះគោលដៅជាច្រើន។

តាមការលើកឡើងក្នុងឱកាសសន្និបាទបូកសរុបការងារប្រចាំឆ្នាំនាព្រឹកថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា ក្រសួងបាននិងកំពុងបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំដែលមានជីវភាពក្រីក្រ ជាកម្មវិធីអចិន្ត្រៃយ៍តាំងពីខែ មិថុនាឆ្នាំ ២០១៩មកម្ល៉េះ។ ការអនុវត្តកម្មវិធីនេះ គឺបានផ្ដល់ជាថិការដល់ស្រ្តីមានផ្ទៃពោះ និងកុមារប្រមាណ២៥ម៉ឺននាក់ ដោយចំណាយថវិកាសរុបប្រមាណ១៧លានដុល្លារ។

ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុអាយុក្រោម២ឆ្នាំដែលមានជីវភាពក្រីក្រនេះ គឺផ្ដល់ថវិកាសរុបចំនួន៧៦ម៉ឺនរៀល កំឡុងពេលទទួលសេវាថែទាំផ្ទៃពោះ មុនសម្រាល ពេលសម្រាលកូន ក្រោយពេលសម្រាល និងកំឡុងពេលចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ។

ទន្ទឹមនឹងការអនុវត្តកម្មវិធីជួយដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនេះ ក្រសួងសង្គមកិច្ច ក៏កំពុងបំពេញភារកិច្ចធំ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩។

កម្មវិធីនេះជាកម្មវិធីមិនអចិន្រ្តៃយ៍ ដោយបានចាប់ផ្ដើមអនុវត្តកាលពីខែមិថុនា ឆ្នាំ២០២០។ ចាប់ពីការអនុវត្តកម្មវិធីរហូតដល់ពេលបច្ចុប្បន្ន គឺមានគ្រួសារទទួលផលក្នុងរង្វង់ ៧០ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបប្រមាណ ៥៦២ លានដុល្លារ។

ថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាល ក៏បានប្រកាសបន្តអនុវត្តកម្មវិធីមួយនេះ សម្រាប់ជុំទី៨ ដែលមានរយៈពេល ៣ខែ គឺសម្រាប់ខែមករា ខែកម្ភៈ និងខែមីនា ឆ្នាំ២០២២។ កម្មវិធីនេះគឺសម្រាប់ជួយគ្រួសារក្រីក្រ ដែលមានបណ្ណសមធ៌ម (បណ្ណក្រីក្រ) តែប៉ុណ្ណោះ៕